(ប៉េកាំង)៖ អាជ្ញាធរអាកាសចរណ៍ស៉ីវិលចិន CAAC នៅថ្ងៃសុក្រនេះ បានប្រាប់ឲ្យដឹងថា ខ្លួននឹងមិនទាន់អនុញ្ញាតឲ្យយន្តហោះ 737 MAX របស់ក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing អាចធ្វើប្រតិបត្តិការហោះហើរឡើងវិញ នៅក្នុងប្រទេសចិនទេ ព្រោះបញ្ហាសុវត្ថិភាពនៅតែជាក្តីបារម្ភ បើទោះជាអាជ្ញាធរអាកាសចរណ៍នៅអាមេរិក ទើបតែបានដកបម្រាមហោះហើរពីត្រកូលយន្តហោះនេះវិញក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Business Times នៅថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។
យន្តហោះ 737 MAX ដែលជាម៉ូដែលលក់ដាច់បំផុតរបស់ក្រុមហ៊ុន Boeing ត្រូវបានបញ្ឈរជើងនៅទូទាំងពិភពលោក កាលពីខែមីនា ឆ្នាំមុន ក្រោយពីករណីធ្លាក់យន្តហោះនេះពីរគ្រឿង ដែលសម្លាប់មនុស្សសរុប៣៤៦នាក់។ ចាប់តាំងពីនោះមក វាត្រូវឆ្លងកាត់ធ្វើតេស្តនិងដំណើរការទទួលស្គាល់សុវត្ថិភាព ជាមួយអាជ្ញាធរអាកាសចរណ៍នៅជុំវិញសកលលោក។
រហូតមកដល់ថ្ងៃពុធសប្តាហ៍នេះ អាជ្ញាធរអាកាសចរណ៍អាមេរិក FAA ក៏បានប្រកាសឲ្យយន្តហោះ 737 MAX ធ្វើប្រតិបត្តិការហោះហើរវិញ។ ប៉ុន្តែនៅថ្ងៃសុក្រនេះ អាជ្ញាធរអាកាសចរណ៍ចិន CAAC បាននិយាយថា នៅក្នុងប្រទេសចិនគឺពុំទាន់មានការកំណត់ឲ្យយន្តហោះ 737 MAX បន្តប្រតិបត្តិការហោះហើរវិញនៅឡើយទេ។
គួរបញ្ជាក់ថា ចិនគឺជាប្រទេសមុនគេដែលបានផ្អាកប្រតិបត្តិការយន្តហោះ 737 MAX ក្រោយករណីធ្លាក់យន្តហោះនេះនៅអេត្យូពីកាលពី ខែមីនា ឆ្នាំ២០១៩ និងមួយករណីទៀតនៅឥណ្ឌូណេស៉ីកាលពីខែតុលា ឆ្នាំ២០១៨៕