(ប្រេស៊ីល)៖ វិស័យឧស្សាហកម្មអាកាសចរណ៍របស់ប្រេស៊ីល ហាក់ដូចជាមានការវិលត្រឡប់មកវិញ ពីការរងផលប៉ះពាល់ដ៏ខ្លាំងដោយសារការរីករាលដាល នៃវីរ៉ុស COVID-19, ហើយនៅក្នុងខែធ្នូខាងមុខ ត្រូវបានគេរំពឹងថា នឹងប្រតិបត្តិការ៨០ភាគរយ នៃសមត្ថភាពដែលខ្លួនបានចុះបញ្ជី នៅក្នុងខែធ្នូឆ្នាំមុន, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

លោក Ronei Glanzmann អគ្គលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលប្រេស៊ីល បានឲ្យដឹងថា នៅអំឡុងពេលរីករាលដាលវីរ៉ុស ហើយបិទប្រទេស, ជើងហោះហើរជាមធ្យមប្រចាំថ្ងៃរបស់ប្រេស៊ីល បានធ្លាក់ចុះពី២,៥០០ជើង មកនៅប្រមាណ២០០ជើងប៉ុណ្ណោះ។

លោកបន្ថែមថា នៅក្នុងខែដែលមានចំនួនឆ្លងវីរ៉ុស COVID-19 កើនឡើងខ្ពស់បំផុត, ក្រុមហ៊ុនអាកាសចរណ៍ប្រេស៊ីល បានកាត់បន្ថយប្រតិបត្តិការរបស់ពួកគេ រហូតដល់៩៩ភាគរយ។

លោក Glanzmann បញ្ជាក់ថា ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ មានការកើនឡើង នៃសកម្មភាពរបស់ក្រុមហ៊ុនអាកាសចរណ៍ប្រេស៊ីល។ ចំនួនទាំងនោះ គឺជាតួលេខគួរឲ្យចាប់អារម្មណ៍ បើប្រៀបធៀបទៅនឹងបណ្តាប្រទេសផ្សេងទៀត នៅតំបន់អាមេរិកខាងត្បូង៕