(ម៉ូណាកូ)៖ ក្រុមបាល់ទាត់ AS Monaco បានហក់ឡើងទៅឈរនៅតំណែងលេខ២ ក្នុងលីគកំពូលបារាំង Ligue 1 វិញ បន្ទាប់ពីរកបាន ៣ពិន្ទុពីការវាយបកឈ្នះ Paris Saint-Germain ក្នុងលទ្ធផល ៣-២ ដែលជាក្រុមការពារតំណែងជើងឯកនារដូវកាលមុន។

ខ្សែប្រយុទ្ធទើបជាសះស្បើយពីរបួស Kylian Mbappe ជាអ្នករកបានទាំង ២គ្រាប់ឲ្យក្រុមភ្ញៀវ Paris នៅនាទី២៥ ពីការបញ្ជូនបាល់របស់មិត្តរួមក្រុម Angel Di Maria និងប៉េណាល់ទី ១គ្រាប់នៅនាទី៣៧ មុនពេលត្រូវបានកីឡាករ Volland រកបាន ២គ្រាប់តាមស្មើវិញឲ្យម្ចាស់ផ្ទះ Monaco នៅនាទី៥២ និងនាទី៦៥ ជាមួយនឹង Cesc Fabregas ស៊ុតគ្រាប់ជ័យជម្នះដោយបាល់ ១១ម៉ែត្រនៅនាទី៨៤ ដោយសារខ្សែការពារ Diallo បានឲ្យមានកំហុសត្រូវពិន័យកាត ក្រហមនៅនាទី៨៣។

Monaco បានបញ្ចប់ជ័យជម្នះ ៨ប្រកួតជាប់ៗគ្នារបស់ PSG ក្នុង Ligue 1 នៃសប្តាហ៍ទី១១ ជើងទី១ ឆ្នាំ២០២០-២០២១ ដើម្បីដេញតាមពីក្រោយត្រឹមតែ ១ពិន្ទុប៉ុណ្ណោះដែលមានចន្លោះ២០ ទៅ ២១ពិន្ទុ។

Monaco ដែលពុំមានប្រធានក្រុម Wissam Ben Yedder ដោយសារឆ្លងរោគ Covid-19 នោះ បានប្រើប្រាស់កីឡាករយុវជនមានដល់ទៅ ៨នាក់ក្នុងជម្រើស ១១នាក់ដំបូងដែលមានអាយុក្រោម ២៣ឆ្នាំ៕