(ប៉ារីស)៖ ប្រធានសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ IATA កាលពីថ្ងៃសុក្រសប្តាហ៍នេះ បាននិយាយថា ស្របពេលដែលប្រទេសជាច្រើនបានចាប់ផ្តើមអនុវត្តវិធានការរឹតត្បិតឡើងវិញ ដើម្បីទប់ទល់រលកថ្មីមួយទៀតនៃការឆ្លងរាលដាលជំងឺ COVID-19 វិស័យអាកាសចរណ៍របស់ពិភពលោក ត្រូវការជំនួញហិរញ្ញវត្ថុ៨០ពាន់លានដុល្លារទៀត ដើម្បីមានសង្ឃឹមអាចឆ្លងផុតវិបត្តិនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២០។

ប្រធាន IATA លោក អាឡិចសង់ឌ្រេ ដឺជូនីអាក់ (Alexandre de Juniac) បានលើកឡើងដូច្នេះថា «សម្រាប់រយៈពេលប៉ុន្មានខែតទៅមុខ បើតាមការប៉ាន់ស្មាន វិស័យអាកាសចរណ៍ពិភពលោក នឹងត្រូវការជំនួយហិរញ្ញវត្ថុបន្ថែមចន្លោះ៧០-៨០ពាន់លានដុល្លារទៀត ព្រោះថាបើមិនដូច្នោះទេ ពួកគេនឹងមិនអាចឆ្លងផុតវិបត្តិនេះឡើយ»។ លោក ដឺជូនីអាក់ បានបន្តថា ប្រសិនបើវិបត្តិ COVID-19 អូសបន្លាយកាន់តែយូរ នោះក្រុមហ៊ុនអាកាសចរណ៍នានា នឹងប្រឈមហានិភ័យក្ស័យធនកាន់តែធំ។

គួរបញ្ជាក់ថា អាកាសចរណ៍គឺជាវិស័យដែលរងគ្រោះធ្ងន់ធ្ងរបំផុតមួយ ដោយសារវិធានការដែលដាក់ចេញដោយរដ្ឋាភិបាលនៅជុំវិញពិភពលោក ដើម្បីកាត់បន្ថយការរាតត្បាតនៃជំងឺ COVID-19 ប៉ុន្តែកន្លងមកវិស័យនេះក៏បានទទួលជំនួយប្រហែល១៦០ពាន់លានដុល្លារផងដែរ ក្នុងរយៈពេលជាច្រើនខែមកនេះ។

កំឡុងពេលវិបត្តិ COVID-19 បានផ្ទុះឡើងដំបូង វិធានរឹតត្បិតការធ្វើដំណើរដែលដាក់ចេញនាពេលនោះ បានបង្ខំឲ្យក្រុមហ៊ុនអាកាសចរណ៍ជាច្រើន បញ្ឈរជើងយន្តហោះរបស់ខ្លួនស្ទើរតែទាំងអស់ តែរដ្ឋាភិបាលពួកគេក៏បានខិតខំប្រឹងប្រែងផ្តល់ជំនួយហិរញ្ញវត្ថុក្នុងទម្រង់ផ្សេងៗផងដែរ។ ខណៈសកម្មភាពវិស័យនេះបានចាប់ផ្តើមងើបឡើងវិញបន្តិច ស្របពេលដែលវិធានការទាំងនោះត្រូវបន្ធូរបន្ថយ វាបានចាប់ផ្តើមធ្លាក់ទៅវិញចាប់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដោយសារការឆ្លងរាលដាលនៃ COVID-19 បានស្ទុះឡើងវិញគួរឲ្យបារម្ភ នៅតាមប្រទេសជាច្រើន។

សមាគម IATA រំពឹងថា សកម្មភាពវិស័យអាកាសចរណ៍ពិភពលោក នឹងត្រូវធ្លាក់ចុះសរុប៦៦ភាគរយសម្រាប់ឆ្នាំ២០២០នេះទាំងមូល ហើយវាទំនងជាមិនអាចត្រឡប់ទៅរកកម្រិតដូចឆ្នាំ២០១៩វិញ មុនឆ្នាំ២០២៤ឡើយ ។ ការព្យាករណ៍នេះគឺផ្អែកទៅលើក្តីរំពឹងថា នឹងមានវ៉ាក់សាំង COVID-19 នៅខ្ទង់ពាក់កណ្តាលឆ្នាំ២០២១៕