(ភ្នំពេញ)៖ តាមការសន្យាថ្ងៃនេះ ខ្សែប្រយុទ្ធក្នុងក្រុមជម្រើសជាតិកម្ពុជា កែវ សុខផេង បានជួបជាមួយប្អូនប្រុស ពន្លឺ ហើយ ព្រមទាំងផ្ដល់នូវសម្ភារៈសិក្សាមួយចំនួនបន្ថែមលើ ឯកសណ្ឋានក្លិបកីឡាបាល់ទាត់វិសាខា និងកាបូបស្ពាយ ដើម្បីជាអនុស្សាវរីយ៍ទៀតផង។

សុខផេង បានរកឃើញក្មេងប្រុសដែលមិនបានចាប់ដៃកាលពីថ្ងៃប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានាពេលថ្មីៗនេះ។ សុខផេង បានបង្ហោះនៅបណ្តាញសង្គមផ្ទាល់ខ្លួនថា «ខ្ញុំបានមកជួបប្អូនប្រុសពន្លឺហើយ ដោយគ្រួសាររបស់ប្អូនបានទទួលយ៉ាងកក់ក្តៅ ដោយបានសួរសុខទុក្ខ និងជជែកគ្នាប្រកបដោយស្និទ្ធស្នាលបំផុត»

ខ្សែប្រយុទ្ធដែលបានកំពុងប្រកបអាជីពបាល់ទាត់ជាមួយក្នុងស្រុកវិសាខាបានបញ្ជាក់បន្ថែមថា ម្តាយមីងរបស់ពន្លឺ និងក្រុមគ្រួសារមានភាពរាក់ទាក់ដោយទឹកចិត្តស្រឡាញ់រាប់អានបំផុត និងបានវេចខ្ចប់ភេសជ្ជៈ បន្លែ និងផ្លែឈើជាច្រើនមុខដែលអ្នកមីងធ្វើ និងដាំដុះដោយផ្ទាល់ដៃសម្រាប់គ្រួសារកីឡាករ កែវ សុខផេង ទៀតផង។

សូមរំឮកថា ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ វិសាខា បានគ្រងជើងឯក បន្ទាប់ពីយកឈ្នះក្រុមណាហ្គា ២-០ ហើយគ្រាប់បាល់ជ័យជម្នះ ២គ្រាប់នោះ ក៏មាន ១គ្រាប់ គឺធ្វើបានសម្រេចដោយ សុខផេង ផងដែរ និង ១គ្រាប់ទៀតរកបានដោយមិត្តរួមក្រុម ឆេង ម៉េង៕