(វ៉ាស៉ីនតោន)៖ ក្រុមហ៊ុនបណ្តាញសង្គម Twitter កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានឲ្យដឹងថា គណនីប្រធានាធិបតីអាមេរិក @POTUS នឹងត្រូវ ផ្ទេរទៅឲ្យប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន នៅថ្ងៃដែលលោកស្បថចូលកាន់តំណែងជាផ្លូវការ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN នៅថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២០។

អ្នកនាំពាក្យ Twitter លោក នីក ផាស៉ីលីអូ (Nick Pacilio) បានប្រាប់ថា បណ្តាញសង្គម Twitter កំពុងត្រៀមរៀបចំយ៉ាងសកម្មសម្រាប់ការផ្ទេរគណនីប្រធានាធិបតី ក៏ដូចជាគណនីពាក់ព័ន្ធដទៃទៀតរបស់សេតវិមាន ឲ្យទៅរដ្ឋបាលអាមេរិកថ្មី នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ដែលដំណើរការនេះកំពុងប្រព្រឹត្តទៅក្រោមការប្រឹក្សាគ្រោះយោបល់ ជាមួយទីភ្នាក់ងារកំណត់ត្រានិងឯកសារជាតិអាមេរិក ពោលគឺដូចកាលពីឆ្នាំ២០១៧យ៉ាងដូច្នោះ ដែលផ្ទេរពីរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា មកឲ្យរដ្ឋបាលលោក ត្រាំ។

យ៉ាងណាមិញ អំឡុងមួយអាណត្តិរបស់លោក ត្រាំ គណនីប្រធានាធិបតីអាមេរិក @POTUS គឺត្រូវបានប្រើប្រាស់សម្រាប់តែចែករំលែកបន្តនូវ សារដែលបង្ហោះចេញពីគណនីផ្ទាល់ខ្លួនរបស់លោក ត្រាំ គឺ @realDonaldTrump ប៉ុណ្ណោះ។ ដើម្បីផ្ទេរគណនី @POTUS ឲ្យលោក បៃដិន រាល់សារទាំងឡាយដែលបច្ចុប្បន្នមាននៅលើគណនីនឹងត្រូវចងក្រងទុក ហើយគណនីនោះនឹងទៅជាទទេស្អាតសម្រាប់ប្រធានាធិបតីថ្មី។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ នឹងនៅតែអាចបន្តប្រើប្រាស់គណនីផ្ទាល់ខ្លួនគឺ @realDonald Trump បានដដែល ប៉ុន្តែគណនីនេះនឹងត្រូវបាត់បង់ការលើកលែងពិសេសពីគោលការណ៍របស់ Twitter ខណៈ Twitter ផ្តល់ការលើកលែងពិសេសសម្រាប់គណនីមេដឹកនាំពិភពលោក។ ក្រៅពីគណនីប្រធានាធិបតី @POTUS គណនីសេតវិមានដទៃៗទៀតដូចជា @WhiteHouse, @PressSec, @VP និង @FLOTUS ជាដើម ក៏នឹងត្រូវផ្ទេរផងដែរ៕