(ភ្នំពេញ)៖ ដោយមើលឃើញពីតម្រូវការទីផ្សារ លើការបញ្ញើទំនិញទាំងក្នុងស្រុក និងក្រៅស្រុកកំពុងតែហក់ឡើងខ្លាំងនោះ កូនខ្មែរមួយក្រុម បានបោះទុនវិនិយោគទៅលើក្រុមហ៊ុនបញ្ញើឆាប់រហ័ស ដើម្បីផ្គត់ផ្គង់ទីផ្សារនាពេលបច្ចុប្បន្ន។ ក្រុមហ៊ុនបញ្ញើនេះ បានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដែលមានឈ្មោះថា «ក្រុមហ៊ុន បញ្ញើឆាប់រហ័ស អាឡាដាំង អ៉ិចប្រេស»។
ក្រុមហ៊ុន បញ្ញើឆាប់រហ័ស អាឡាដាំង អ៉ិចប្រេស ដែលផ្ដោតសំខាន់លើគុណភាពជាចម្បងនោះ មានទទួលបម្រើអតិថិជន២៥រាជធានី-ខេត្ត នៅប្រទេសកម្ពុជា។ ដោយនៅក្នុងរាជធានីភ្នំពេញ នឹងមានដាក់សាខានៅគ្រប់ខណ្ឌទាំងអស់ ដែលផ្ដោតសំខាន់លើសេវាដឹកជញ្ជូនទំនិញដល់ផ្ទះ, សេវាទទួលទំនិញ ជាមួយប្រព័ន្ធតាមដានបញ្ជើទានពេល សេវារហ័ស, សុវត្ថិភាព និងតម្លៃសមរម្យ។
ដើម្បីជាការអបអរពិធីសម្ពោធជាផ្លូវការ ក្រុមហ៊ុន បញ្ញើឆាប់រហ័ស អាឡាដាំង អ៉ិចប្រេស បានផ្ដល់កាដូជាពិសេសជូនអតិថិជនរបស់ខ្លួន ប្រើប្រាស់សេវាបញ្ញើទូទាំងប្រទេសដោយឥតគិតថ្លៃ រយៈពេលពេញមួយសប្ដាហ៍តែម្ដង។ ការិយាល័យកណ្ដាលរបស់ក្រុមហ៊ុន បញ្ញើឆាប់រហ័ស អាឡាដាំង អ៉ិចប្រេស មានទីតាំងស្ថិតនៅផ្ទះលេខ១៦៣A ផ្លូវ២១៥ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។
បន្ទាប់ពីបើកសម្ពោធជាផ្លូវការ ក្រុមហ៊ុន បញ្ញើឆាប់រហ័ស អាឡាដាំង អ៉ិចប្រេស រំពឹងខ្ពស់ថា នឹងទទួលបានជោគជ័យលើទីផ្សារកម្ពុជា បន្ទាប់ពីគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ សុទ្ធតែមានបទពិសោធន៍លើការងារនេះ ហើយក្រុមហ៊ុនបានដាក់ផែនការច្បាស់លាស់ ក្នុងការបម្រើសេវាជូនអតិថិជន ប្រកបដោយការទទួលខុសត្រូវខ្ពស់។
អ្វីដែលកាន់តែងាយស្រួលដល់អ្នកប្រើប្រាស់ ពិសេសការទិញ ឬលក់ទំនិញតាមប្រព័ន្ធអនឡាញ ក្រុមហ៊ុន បញ្ញើឆាប់រហ័ស អាឡាដាំង អ៉ិចប្រេស មានផ្ដល់ជូននូវសេវា COD ដែលជាសេវាមួយក្នុងការទូទាត់ប្រាក់ជំនួសភ្ញៀវនៅពេលទិញទំនិញតាមអនឡាញ។ មានន័យថា អ្នកទិញទំនិញតាមអនឡាញ មិនចាំបាច់បង់ប្រាក់មុនពេលទទួលបានទំនិញនោះទេ ពោលក្រុមហ៊ុនជាអ្នកទូទាត់ជំនួស ហើយនៅពេលអ្នកទិញទទួលបានទំនិញ ទើបត្រូវទូទាត់លុយតាមក្រោយ។
ជាមួយគ្នានេះ ក្រុមហ៊ុន បញ្ញើឆាប់រហ័ស អាឡាដាំង អ៉ិចប្រេស ក៏បានជ្រើសរើសដៃគូសហការ (ភ្នាក់ងារ) ចែកចាយបន្តតាមបណ្តារផ្សារ និងទីប្រជុំជន គ្រប់ស្រុក ទូទាំងប្រទេស២៥រាជធានី-ខេត្តផងដែរ។ សូមទំនាក់ទំនងទូរស័ព្ទលេខ៖ 098 300 300៕