(ភ្នំពេញ)៖ ហាក់ខុសប្លែកពីតារាសម្តែងដទៃ ដែលត្រូវបានម្ចាស់ប្រេននានា ជ្រើសរើសធ្វើជាតំណាងផលិតផលរបស់ខ្លួន ខណៈតារាសម្តែង ឈូឈូ និង វ៉ាន់ វីតា បែរជាប៉ះគ្នាក្នុងសង្វៀនម្ជូរទៅវិញ ដោយបានធ្វើជាតំណាងហាងលក់ម្ជូរស្នាដៃខ្មែរសៀមរាប។ ការធ្វើជាតំណាងនេះ ត្រូវបានអ្នកគាំទ្ររបស់តារាសម្តែងទាំងពីរលាន់មាត់ថា គឺពិតជាប្លែកពីគេ ព្រោះកន្លងមកមិនធ្លាប់មានតារាសម្តែងរូបណា ធ្វើជាតំណាងហាងលក់ម្ជូរនោះទេ។
ពាក់ព័ន្ធនឹងការសម្រេចចិត្ត ធ្វើជាតំណាងហាងលក់ម្ជូរនៅពេលនេះ តារាសម្តែងទើបតែឈានចូលវ័យ១៦ឆ្នាំ ឈូឈូ បានប្រាប់ Fresh News Plus យ៉ាងដូច្នេះថា «ចា៎បង! មុនដំបូងពេលឡាញកំពុងញ៉ាំហ្នឹង គេស្មានតែពួកខ្ញុំញ៉ាំលេង បង្អួតអ្នកលេងហ្វេសប៊ុក ឬថាពួកខ្ញុំសុខៗលក់ម្ជូរវិញ។ ការពិតពួកខ្ញុំទទួលការងារ ជាអ្នកតំណាងហាងម្ជូរនេះ សម្រាប់ថ្ងៃសម្ពោធបើកឆាកនៅភ្នំពេញ»។
តារាវ័យក្មេងរូបនេះបន្ថែម «សម្រាប់ការងារនេះវិញ ពួកខ្ញុំពេញចិត្តខ្លាំងតែម្តង ព្រោះ ចូលចិត្តញ៉ាំម្ជូរស្រាប់។ និយាយទៅសប្បាយចិត្តណាស់ បានតែការងារ បានញ៉ាំរបស់ដែលខ្លួនពេញចិត្តទៀត។ ម្យ៉ាងទៀត ក៏សូមមហាជនទាំងអស់កុំយល់ច្រឡំចំពោះ ពួកខ្ញុំ មិនមែនបើកហាងលក់ម្ជូរដោយខ្លួនទេ»។
ជាការកត់សម្គាល់ តារាវ័យក្មេងទាំងពីរ មិនត្រឹមតែជាតារាស្រីស្អាត និងល្បីមានប្រជាប្រិយខ្លាំងក្នុងវិស័យភាពយន្តនោះទេ ពួកគេក៏តារាល្បី ដែលតែងតែទទួលបានស្ពតពាណិជ្ជកម្មជាហូរហែ នាពេលកន្លងមកផងដែរ។ លើកនេះ ពួកគេទាំងពីររូបបានបង្ហាញខ្លួន សកម្មភាពញ៉ាំម្ជូរជាមួយគ្នា ដោយបង្ហាញទៅកាន់តែទស្សនិកជន ឲ្យស្រក់ទឹកមាត់តែម្តង។ អ្វីដែលកាន់តែចាប់អារម្មណ៍នោះ ទស្សនិកជន និង អ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ ទៅលើបបូរមាត់ពួកគេទាំងពីរពិតជាស្អាត ហើយគួរឲ្យពេញចិត្តតែម្តង ជាពិសេសបើកមាត់ ទំពារគ្រឿងម្ជូរ យ៉ាងជូរហឹរនោះ ពិតជាមើលពួកគេហើយស្ទើរចង់ទ្រាំមិនបានទៅហើយ។
ហេតុតែជាតារាស្រីវ័យក្មេង និងមានប្រជាប្រិយខ្លាំង ឈូឈូ និង វ៉ាន់វីតា គ្រាន់តែបង្ហាញខ្លួនក្នុងសកម្មភាពញ៉ាំគ្រឿងម្ជូរ របស់ហាងស្នាដៃខ្មែរសៀមរាបនេះ ក៏ទទួលបានការពេញចិត្ត និងផ្ទុះការសរសើរចំពោះមុខមាត់តារាស្រីទាំងពីរ ពេលញ៉ាំម្តងៗពិតជាទំនងណាស់៕