(អាមេរិក)៖ យោងតាមសន្ទស្សន៍កំពូលមហាសេដ្ឋីរបស់សារព័ត៌មានអាមេរិក Bloomberg លោក Elon Musk បានក្លាយជាមនុស្សមានទ្រព្យសម្បត្តិច្រើនជាងគេទីពីរនៅលើពិភពលោក ខណៈកន្លងមកតំណែងនេះគឺជារបស់លោក Bill Gates។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។
បើតាម Bloomberg កាលពីខែមករា ដើមឆ្នាំ២០២០ លោក Elon Musk ដែលជាស្ថានិកក្រុមហ៊ុនផលិតរថយន្តអេឡិចត្រូនិច Tesla និង ក្រុមហ៊ុនអវកាស SpaceX បានជាប់នៅលេខរៀងទី៣៥ឯណោះទេ ក្នុងចំណោមបុគ្គលមានជាងគេលើលោក ប៉ុន្តែក្នុងរយៈពេលជិតពេញមួយឆ្នាំ២០២០នេះ លោកបានកើនទ្រព្យសម្បត្តិដល់ទៅជាង១០០ពាន់លានដុល្លារ ច្រើនជាងកំពូលមហាសេដ្ឋីណាៗទាំងអស់។
គិតត្រឹមថ្ងៃចន្ទសប្តាហ៍នេះ ទ្រព្យសម្បត្តិរបស់លោក Musk បានកើន៧.២ពាន់លានដុល្លារថែមទៀត ដែលធ្វើឲ្យទ្រព្យសម្បត្តិសរុបរបស់លោក លោតឡើងដល់ ១២៧.៩ពាន់លានដុល្លារ។ ការកើនទ្រព្យយ៉ាងសម្បើមរបស់លោក Elon Musk គឺស្របពេលដែលក្រុមហ៊ុន Tesla របស់លោក កំពុងមានតម្លៃកាន់តែខ្ពស់។
គួរបញ្ជាក់ថា សម្រាប់លោក Bill Gates វិញ គិតត្រឹមថ្ងៃចន្ទដូចគ្នា ទ្រព្យសម្បត្តិលោកស្ថិតនៅ ១២៧.៧ពាន់លានដុល្លារ ក៏ប៉ុន្តែជាច្រើនឆ្នាំកន្លងមកនេះ គឺគិតចាប់តាំងពីឆ្នាំ២០០៦មក លោកបានបរិច្ចាគថវិកាច្រើនជាង ២៦ពាន់លានដុល្លារ ទៅក្នុងបុព្វហេតុសប្បុរសធម៌ផ្សេងៗ។ លោក Gates ធ្លាប់កាន់តំណែងជាកំពូលមហាសេដ្ឋីលេខ១ពិភពលោកអស់រយៈពេលជាច្រើនឆ្នាំ មុនពេលស្ថាបនិកក្រុមហ៊ុន Amazon.com Inc លោក Jeff Bezos បានវ៉ាដាច់លោកកាលពីឆ្នាំ២០១៧។ បច្ចុប្បន្នទ្រព្យសម្បត្តិរបស់លោក Bezos មានចំនួន១៨២ពាន់លានដុល្លារ ដែលច្រើនដាច់គេ៕