(មេនឆេស្ទើ)៖ Bruno Fernandes រកបាន ២គ្រាប់នៅនាទីទី៧ និងនាទី១៩ ឲ្យ Manchester United ក្នុងជ័យជម្នះ ៤-១ ទៅលើក្រុមភ្ញៀវ Istanbul Basaksehir របស់តួកគី ធ្វើឲ្យក្រុមអង់គ្លេសមួយនេះប្រកៀកឡើងទៅវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់អឺរ៉ុប UEFA Champions League នៅរាត្រីថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។
ខ្សែបម្រើមកពីព័រទុយហ្គាល់ Bruno កើនគ្រាប់ស៊ុតបាន ២១គ្រាប់ និងបញ្ជូនបាល់បាន ១៣គ្រាប់ ពីការចូលលេងបាន ៣៥ប្រកួតឲ្យបិសាចក្រហមក្នុងរដូវកាលទី២ ក្នុងក្លិបជើងខ្លាំងប្រចាំនៅទីក្រុង Manchester របស់អង់គ្លេសមួយនេះ។
នេះក៏ជាការសងសឹក Istanbul បានសម្រេចផងដែរក្នុងជើងទី២ នេះនៃការប្រកួតវគ្គសន្សំពិន្ទុប្រចាំពូល H ក្រោយពេលពួកគេបានចាញ់ ២-១ នៅទឹកដីនៃប្រទេសតួកគី ហើយក៏ជាជ័យជម្នះទី៣ ក្នុងចំណោម ៤ប្រកួត ដោយឈ្នះ៣ និងចាញ់១ មិនដែលស្មើនាំមុខកំពូលតារាង ៣ពិន្ទុ។
នេះមានន័យថា ក្រុមរបស់លោក Ole Gunnar Solskjaer ត្រូវបានជ័យជម្នះតែ ៣ពិន្ទុក្នុងចំណោម ២ប្រកួតដែលនៅសល់ពេលប៉ះ RB Leipzig ក្រៅដី និង Paris Saint-Germian ក្នុងដី គ្រាដែលក្រុមលេខ២ និងលេខ៣ បានកំពុងតែប្រទាញប្រទង់គ្នាខ្លាំងបំផុត និងត្រូវបានឈ្នះដូចគ្នា៕