(ក្រុងគីវ)៖ ក្រុមខ្លាំងរបស់អេស្ប៉ាញ FC Barcelona បានយកឈ្នះ Dynamo Kyiv របស់អ៊ុយក្រែនក្នុងលទ្ធផល ៤-០ នៃការប្រកួតទី៤ ប្រចាំពូល G រកបាន ១២ពិន្ទុពេញ បានកក់កៅអី១ ដើម្បីឡើងទៅវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់លីគអឺរ៉ុប Champions League 2020-2021 ជាផ្លូវការហើយជាមួយ Juventus ដែលមាន ៩ពិន្ទុ ក្រោយយកឈ្នះ Ferencvaros ២-១ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។

Barcelona ដែលអវត្តមានខ្សែប្រយុទ្ធសំខាន់ Lionel Messi អាចរកបាន ៤គ្រាប់ពីក្រុមម្ចាស់ផ្ទះ Dynamo Kyiv ពីការធ្វើបានសម្រេចដោយកីឡាករ Martin Braithwaite ២គ្រាប់ម្នាក់ឯង និងមិត្តរួមក្រុម Sergio Dest និង Antoine Griezmann ពីការដឹកនាំរបស់លោក Ronald Koeman អ្នកចាត់ទូទៅបច្ចុប្បន្ន។

ក្នុងការប្រកួតនាយប់ដំណាលគ្នានោះដែរ ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo រកបានម្នាក់ ១គ្រាប់ជាមួយមិត្តរួមក្រុម Alvaro Morata ក្នុងជំនួបដែលក្រុមសេះបង្កង់ Juventus វាយបកឈ្នះ ២-១ ទៅលើគូប្រជែង Ferencvaros ដែលធ្វើបានការនាំមុខនៅដើមវគ្គទី១ នាទី១៩ ដោយកីឡាករ Myrto Uzuni ធ្វើឲ្យក្រុមលោក Andrea Pirlo ឈរលេខ២ ក្នុងពូល G មាន ៩ពិន្ទុដោយនៅសល់ ២ប្រកួតទៀតត្រូវបញ្ចប់៕