(កូរ៉េ)៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា នេះស្ថានីយទូរទស្សន៍ JTBC របស់កូរ៉េ បានបញ្ជាក់ថា តារាសម្តែងនិងបុគ្គលិករបស់ខ្លួន នៅក្នុងខ្សែភាពយន្ត «Snowdrop» ទាំងអស់ត្រូវបានធ្វើតេស្តអវិជ្ជមានចំពោះកូវីដ១៩។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន allkpop នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។
កន្លងមកការថតរឿង «Snowdrop» របស់ស្ថានីយទូរទស្សន៍ JTBC ត្រូវបានផ្អាកជាបណ្តោះអាសន្ន បន្ទាប់ពីតារាសម្តែងក្នុងទូរទស្សន៍នេះ ត្រូវបានរកឃើញមានផ្ទុកកូវីដ១៩។ បច្ចុប្បន្ននេះ JTBC បានបញ្ជាក់ថា បុគ្គលិករបស់ខ្លួនដទៃទៀតដែលមានពាក់ព័ន្ធជាមួយអ្នកមានកូវីដ១៩ ហើយត្រូវបានបញ្ចូនទៅធ្វើតេស្តភ្លាមៗនោះ នៅថ្ងៃនេះបានទទួលលទ្ធផលមកថា មិនមានកូវីដ១៩ឡើយ។
ទូរទស្សន៍ JTBC បានឲ្យដឹងថា បច្ចុប្បន្ននៅមិនទាន់មានការកំណត់ថ្ងៃថតភាពយន្តឡើងវិញទេ ប៉ុន្តែពួកគេរំពឹងថា នឹងចាប់ផ្តើមថតឡើងវិញឆាប់ៗ នៅពេលតែអាចគ្រប់គ្រងស្ថានការណ៍កូវីដ១៩បាន។ រឿង «Snowdrop» គ្រោងនឹងចាក់ផ្សាយនៅឆ្នាំ ២០២១ ដោយមានតារាល្បីៗជាចច្រើនចូលរួមសម្តែងក្នុងនោះដូចជា Jung Hae In, Jisoo សមាជិកក្រុម BLACKPINK, Jang Seung Jo, Kim Hye Yoon និងតារាជាច្រើនទៀត។
ទន្ទឹមគ្នានោះ សមាជិកនៃក្រុមសម្ដែង ព្រមទាំងបុគ្គលិកជាច្រើនរូបផ្សេងទៀត នៅក្នុងរឿង «Hush» របស់ទូរទស្សន៍ JTBC និងក្រុមការងារសម្តែងរឿង «Penthouse» របស់ទូរទស្សន៍ SBS ក៏ត្រូវបានធ្វើតេស្តអវិជ្ជមាន ចំពោះកូវីដ១៩ផងដែរ៕