(ភ្នំពេញ)៖ ក្រុមគ្រួសារកីឡាយានយន្ដ OFF ROAD កម្ពុជា បានរៀបចំកម្មវិធីសប្បុរសធម៌ ទៅភូមិភាគឦសានប្រទេស ដោយនាំនូវអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈសិក្សា សម្លៀកបំពាក់ និងថវិកាមួយចំនួនចែកជូនដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋខ្វះខាតចំនួន ២០០គ្រួសារ នៅភូមិឡៅរមៀត ឃុំត្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីកាលពីចុងសប្ដាហ៍កន្លងទៅ។
លោក ញឹម សុវណ្ណារ៉ូ អ្នករៀបចំកម្មវិធីសប្បុរសធម៌នេះបានឲ្យដឹងថា កម្មវិធីនេះ ធ្វើឡើងក្រោមគំនិតផ្តួចផ្តើមរបស់ក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា ដែលដឹកនាំដោយលោក ទៀ សុខា និងលោកឧកញ៉ា ទៀ វិចិត្រ ដោយមានក្រុមរថយន្ដជាសមាជិកប្រមាណ ៥០គ្រឿង បានចូលរួមរយៈពេល ២ថ្ងៃលើចម្ងាយផ្លូវប្រមាណជាង ៥០០គីឡូម៉ែត្រដោយឆ្លងកាត់ផ្លូវលំបាក កាត់ព្រៃ ជ្រោះ ស្ទឹង និងច្រលងដងអូរជាដើម។
លោក ទៀ សុខា បានបញ្ជាក់ថា នេះមិនមែនជាលើកទី១ នោះទេ ដែលគ្រួសារកីឡា OFF ROAD កម្ពុជារៀបចំកម្មវិធីសប្បុរសធម៌នេះឡើង ពោលគឺរយៈពេល ៧ឆ្នាំ ក្រោយបង្កើតក្រុមនេះ បានចូលរួមផ្សព្វផ្សាយតំបន់អេកូទេសចរណ៍ តំបន់ធម្មជាតិ និងបានចូលរួមការងារសង្គមជាច្រើន ជាក់ស្ដែងសមាជិកទាំងអស់ តែងគៀគរថវិកា ដើម្បីទិញជាសម្ភាសរៈសិក្សា គ្រឿងឧបភោគបរិភោគ និងសម្ភារៈផ្សេងៗសម្រាប់ចែកជូនបងប្អូន និងសិស្សានុសិស្សជួបការខ្វះខាត នៅតំបន់ដាច់ស្រយ៉ាលជាដើម។
ទន្ទឹមជាមួយគ្នា លោក កុច ប្រាណ ប្រជាពលរដ្ឋក្នុងភូមិឡៅរមៀតខាងលើក៏បានសម្ដែងនូវការត្រេកអរ ចំពោះកម្មវិធីសប្បុរសធម៌នេះ ក្នុងនាមប្រជាពលរដ្ឋជនជាតិដើមភាគតិច ដែលបង្ហាញឲ្យឃើញពីការស្រលាញ់រាប់អាន យកចិត្តទុកដាក់ និងបង្កើនទំនាក់ទំនងល្អក្នុងសង្គម។
គួររំលឹកថា ក្រុមកីឡារថយន្ត OFF ROAD កម្ពុជា បានបង្កើតតាំងពីឆ្នាំ២០១៣ ហើយគិតមកទល់បច្ចុប្បន្ន គឺមានមាជិកជាង ២០០គ្រឿង។ គោលបំណងសំខាន់របស់ក្រុមរថយន្ដ OFF ROAD គឺដើម្បីចូលរួមផ្សព្វផ្សាយពីតំបន់ទេសចរណ៍ ផ្សារភ្ជាប់សកម្មភាពមនុស្សធម៌ ជាចំណែកមួយជួយដល់សង្គម ក៏ដូចជាលើកស្ទួយវិស័យកីឡាឆ្លងកាត់ឧបសគ្គនេះឲ្យកាន់តែផុសផុល និងរីកចម្រើនផងដែរ៕