(ភ្នំពេញ)៖ ទោះបីជាមុននេះស្ថានភាពនៃជំងឺកូវីដ១៩ បានធ្វើឲ្យអាជីវកម្មមួយចំនួន ប្រឈមនឹងបញ្ហាក្ដី ប៉ុន្ដែសម្រាប់អតីតតារាចម្រៀង អ្នកនាង ម៉ូលីកា ដែលត្រូវបានគេស្គាល់ថា ជាថៅកែស្រីហាង «Nk Molika Beauty Trending Co.Ltd» រូបនេះ នៅតែដំណើរការនូវមុខរបររបស់ខ្លួនដូចធម្មតា តាមពេលវេលាជាក់ស្ដែង។ យ៉ាងណាមិញ បញ្ហាទាំងនេះ មិនបានបង្អាក់រូបនាង មិនឲ្យបំពេញបំណងស្វាមីរបស់នាងឡើយ ពោលគឺ ម៉ូលីកា បានទិញរថយន្ដទំនើបម៉ាក Ford ស៊េរីឆ្នាំ២០២០ ដ៏ថ្មីសន្លាងមួយគ្រឿង តម្លៃប្រមាណ១២៨,០០០ដុល្លារ ជូនស្វាមីរបស់នាង ដើម្បីសម្រេចក្ដីប្រាថ្នា ដែលបានប៉ងទុកជាយូរមកហើយ។
ថ្លែងប្រាប់ Fresh News Plus តារាចម្រៀង ដែលបានងាកចេញពីសិល្បៈ មកប្រកបជំនួញរកស៊ីពេញទំហឹង អ្នកនាង ម៉ូលីកា បានថ្លែង ថា «ថវិកាដែលទិញរថយន្ដទំនើបម៉ាក Ford ស៊េរីឆ្នាំ២០២០ នេះ បានមកពីការលក់ផលិតផលសម្រកនានា។ នាងគ្មានអ្វីច្រើនឲ្យប្ដីទេ គ្រាន់តែ បានបំពេញបំណងប្ដី ព្រោះឃើញប្ដី Share Mo Lika ឡានហ្នឹងរាល់ថ្ងៃ ហើយរូបនាងក៏ដើររកទិញជាច្រើនកន្លែងអស់ហើយ តែគ្មានពណ៌ខ្មៅ ដែលប្ដីចង់បានទេ សល់តែពណ៌សមួយហ្នឹង ទើបខំទិញទាំងយប់ ដើម្បីយកមក Surprise ប្ដី»។
ដោយឡែកស្វាមីរបស់នាង គឺលោក ហុង ម៉ានុណ វិញ បានបង្ហាញអារម្មណ៍រីករាយ នៅពេលដែលត្រូវភរិយាផ្ដល់កាដូរថយន្ដ ក្នុងក្ដីស្រមៃបែបនេះ ដោយលោកបានលើកឡើងថា «លោកអរគុណប្រពន្ធ សម្លាញ់ ដែលតែងតែលើកលែង និងតស៊ូជាមួយគ្នាកន្លងមក។ អរគុណខ្លាំងសម្រាប់ការដូដ៏ធំមួយនេះ គឺថារកពាក្យអ្វីនឹងថ្លែងមិនចេញនោះទេ ព្រោះថារំភើបខ្លាំង ពេក។ លោកមានតែពាក្យជូនពរភរិយា ឲ្យមានសម្រស់កាន់តែស្អាត សុខភាពរឹងមាំ ជាពិសេសជូនពរឲ្យ លក់ផលិតផល កាន់តែដាច់ជាងនេះបន្ថែមទៀត»។
ជាការកត់សម្គាល់ ការទិញបានរថយន្ដ Ford 2020 នេះ គឺជារថយន្ដទី៣ហើយសម្រាប់គ្រួសារ ម៉ូលីកា ព្រោះមុននេះនាងមានរថយន្ដ២គ្រឿង ជិះឆ្លាស់គ្នារួចទៅហើយ គឺម៉ាក Range Rover និង Jaguar ស្របពេលដែលមុននេះ មានព័ត៌មានថា នាងទើបបានទិញផ្ទះវីឡាយ៉ាងស្រស់ស្អាត តម្លៃជាង៣០ម៉ឺនដុល្លារផងដែរ។ ក្រោយផ្អាកអាជីពជាតារាចម្រៀង ម៉ូលីកា បានក្លាយទៅជាអ្នកលក់ផលិតផលតាម Online ដ៏លេចធ្លោរម្នាក់ នាពេលបច្ចុប្បន្ន ដែលមានជីវភាពកាន់តែធូរធា ហើយមុខជំនួញកាន់តែរីកធំ ទើបធ្វើឲ្យនាងមានលទ្ធភាពជិះរថយន្ដ១ក្នុងគ្រឿងៗ តម្លៃជាង១០ម៉ឺនដុល្លារឯណោះ។
សូមបញ្ជាក់ថា អតីតតារាចម្រៀង ម៉ូលីកា បានរៀបការជាមួយតារាសម្ដែងលោក ហុង ម៉ានុណ ហៅឆានុន កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០ ២០ និងសម្រាលបានកូនស្រីជាចំណងដៃ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ ដោយដាក់ឈ្មោះ ថានុន ច័ន្ទម៉ូនីតា អាយុជាង៤ខែ។ អតីតតារាចម្រៀងផលិតកម្ម Rock រូបនេះ ធ្លាប់បង្ហាញការងារសប្បុរសធម៌ជាច្រើន ដូចជាបរិច្ចាគថវិកា ចូលរួមជាមួយរដ្ឋាភិបាល ទប់ស្កាត់កូវីដ១៩, គ្រោះទឹកជំនន់ និងជួយដល់អង្គការសប្បុរសធម៌កម្ពុជកុលបុត្រ នៅខេត្តសៀមរាបជាដើម៕