(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន AEON Valued Customers/AEON Group/CARWU ដែលបានជួយឧបត្ថម្ភថវិកាចំនួន ២,០០០ដុល្លារ (ពីរពាន់ដុល្លារអាមេរិក) ដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតក្រោយគ្រោះទឹកជំនន់រហ័ស ឆ្នាំ២០២០នេះ។

កាកបាទក្រហមកម្ពុជា នឹងចាត់ចែងថវិកានេះ ដើម្បីទិញស្បៀង-សម្ភារនាំយកទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗដោយផ្ទាល់ដៃ។

អំណោយខាងលើនេះ គឺជាសក្ខីភាពនៃទឹកចិត្តជ្រះថ្លារបស់សប្បុរសជនជាតិ-អន្តរជាតិ ដែលបានបង្ហាញពីស្មារតីនៃការចែករំលែក និងកម្លាំងសាមគ្គីគ្នារបស់ប្រជាជនខ្មែរ «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាមានអាសន្ន ខ្មែរជួយខ្មែរ ខ្មែរកាន់តែរឹងមាំ»។

សូមបញ្ជាក់ថា ចាប់តាំងពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត បានសរុបចំនួន ៩៧,៨៥១គ្រួសារ។

ដោយឡែក ចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុត បានសរុបចំនួន ៣៣,៥០៣គ្រួសារ រស់នៅភូមិចំនួន៩៩២ ឃុំចំនួន៤៣១ ស្រុកចំនួន១៦៧ និងរាជធានី-ខេត្តចំនួន២៥ (ក្នុងនោះឆ្លើយតបដោយទីស្នាក់ការថ្នាក់កណ្តាលចំនួន ១៤,៩៧៦គ្រួសារ និងដោយសាខាចំនួន១៨,៥២៧គ្រួសារ)៕