(ក្រុងម៉ូនិច)៖ ក្រុមខ្លាំង Manchester City និងក្រុមការពារតំណែងជើងឯក Bayern Munich សុទ្ធតែធានាបានកៅអីវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់លីគអឺរ៉ុប UEFA Champions League ដូចគ្នា បន្ទាប់ពីយកគូប្រជែងរៀងៗខ្លួន ក្នុងប្រកួតទី៤ នៅរាត្រីថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។

Bayern Munich របស់អាល្លឹម៉ង់បានបន្តយកឈ្នះគូប្រជែង FC Red Bull Salzburg ៣-១ ក្នុងដីសម្រាប់ជើងទី២ បន្ថែមលើជ័យជម្នះ ៦-២ កាលពីជើងទី១ នៅទឹកដីនៃប្រទេសអូទ្រីសកាលពីជើងទី១ ដើម្បីរក្សាប្រវត្តិលេងមិនចាញ់ និងរកបាន ១២ពិន្ទុពេញនាំមុខកំពូលតារាងនៃពូល A។

កីឡាករ Robert Lewandowski, Coman និង Sane សុទ្ធតែរកបានម្នាក់ ១គ្រាប់នាំមុខ ៣-០ នៅពេលដែលបាត់បង់សមាជិក ១រូបដោយសារពិន័យកាតលឿង ២ដងផងដែរទៅលើកីឡាករ Roca មុនពេលត្រូវបាន Berisha រកបានតែ ១គ្រាប់ឲ្យក្រុមភ្ញៀវ Salzburg នៅកីឡដ្ឋាន Allianz Arena។

មួយវិញទៀត ការបញ្ចប់ក្នុងលទ្ធផល ០-០ ក្នុងដីរបស់ Atletico Madrid ពេលប៉ះក្រុមមកពីរុស្ស៊ី Lokomotiv Moscow វាជាការបើកផ្លូវឲ្យ Bayern នាំមុខកំពូលតារាងដល់ទៅ ៧ពិន្ទុនៅពេលចាប់ផ្តើមប្រកួតជើងទី២ និងរក្សាជ័យជម្នះ ១០០% ក្នុងការឆ្ពោះទៅប្រជែងជើងឯក UCL ជាបន្តទៀត។

ចំណែកឯក Manchester City របស់អង់គ្លេសក៏រក្សាបានជ័យជម្នះ ១០០%ក្នុងវគ្គសន្សំពិន្ទុប្រចាំពូល C ផងដែរ ដោយបន្តយកឈ្នះម្ចាស់ផ្ទះ Olympiakos ១-០ ក្នុងការប្រកួតទី៤ ជើងទី២ របស់ពួកគេផងដែរ ដ្បិតនៅសល់ ២ប្រកួតទៀតក៏ដោយ នៅពេលដែលកីឡាករវ័យក្មេង Phil Foden រកបានតែ ១គ្រាប់នៅនាទី៣៦ និងតាមពីក្រោយ ដោយ FC Porto នៅពេលបំបាក់ម្ចាស់ផ្ទះ Marseille ២-០ ផងដែរ។

គួរបញ្ជាក់ផងថា គិតមកទល់នឹងពេលនេះ រកឃើញ ៦ក្រុមហើយដែលបានឈ្នះកៅអីឡើងទៅវគ្គ ១៦ក្រុមចុងក្រោយរួមមាន FC Barcelona និង Sevilla របស់អេស្ប៉ាញ Chelsea និង Manchester City របស់អង់គ្លេស Juventus របស់អ៊ីតាលី និង Bayern Munich របស់អាល្លឺម៉ង់៕