(អាមេរិក)៖ រដ្ឋាភិបាលជិតផុតអាណត្តរបស់លោក ដូណាល់ ត្រាំ បានអនុញ្ញាតឱ្យក្រុមហ៊ុន ByteDance ធ្វើការពន្យារពេល ៧ថ្ងៃទៀត ដើម្បីលក់កម្មវិធី TikTok ដែលកំពុងល្បីខ្លាំងនៅលើពិភពលោក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២០។

នៅមុននេះ ការិយាល័យរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានពន្យារពេល ១៥ថ្ងៃ ឱ្យក្រុមហ៊ុន ByteDance លក់ កម្មវិធី TikTok ឱ្យទៅក្រុមហ៊ុនអាមេរិក ពោលគឺលក់អាជីវកម្ម TikTok ឱ្យដាច់ពីការគ្រប់គ្រង់របស់ក្រុមហ៊ុនចិន ដែលការពន្យារពេល នោះ គឺនឹងផុតកំណត់ត្រឹមថ្ងៃសុក្រ ប៉ុន្តែនៅពេលនេះ ត្រូវបានខាងតុលាការប្រកាសឱ្យ TikTok នៅមានពេល ៧ថ្ងៃបន្ថែមទៀត ពោលគឺ ផុតកំណត់នៅថ្ងៃទី០៤ ខែធ្នូ។

ដំបូងឡើយ អាមេរិកបានប្រកាសបិទកម្មវិធី TikTok ដោយបានលើកឡើងថា មានការព្រួយបារម្ភ ឬហានិភ័យអំពីសុវត្ថិភាពអ្នកប្រើប្រាស់ ព្រោះ TikTok អាចជាចារកម្មរបស់រដ្ឋាភិបាលចិន និងក្រោយមកបានទុកពេល ៩០ថ្ងៃ ដើម្បីឱ្យ TikTok លក់អាជីវកម្មនៅអាមេរិកឱ្យ ទៅក្រុមហ៊ុនអាមេរិក ដោយមានក្រុមហ៊ុន Oracle Corp និង Walmart ជាអ្នកចេញមុខទិញ តែមកទល់ពេលនេះ ByteDance មិនទាន់ សម្រេចចិត្តអ្វីទាំងអស់៕