(ក្រុងអាយរេស)៖ មរណភាពរបស់លោក Diego Maradona ត្រូវបានគ្រួសារកីឡាបាល់ទាត់ទូទាំងសកលលោកចាត់ទុកជាការបាត់បង់ធនធានដ៏ឆ្នើមមួយរូប និងនៅតែចងចាំមិនអាចបំភ្លេចជាដរាប។

តទៅនេះ Fresh News Plus សូមលើកយកប្រវត្តិត្រួសៗ ក៏ដូចជាស្នាដៃធំៗរបស់លោក Diego Maradona មកជម្រាបជូនមានដូចខាងក្រោម៖

១៖ ជីវប្រវត្តិសង្ខេប
លោក Diego Maradona បានកើតនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៦០ ក្នុងគ្រួសារក្រីក្រមួយនៅឯភាគខាងត្បូងនៃទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។ Maradona គឺជាកូនច្បងក្នុងចំណោមបងប្អូន ៧នាក់ (ប្រុស ៣នាក់ និងស្រី ៤នាក់)។ ឪពុកម្តាយរបស់ Diego Maradona ពុំមែនជាអ្នកកីឡានោះទេ។

២៖ ចំណុចចាប់ផ្តើមលេងបាល់ទាត់
Diego Maradona ចម្រើនវ័យដល់ ៨ឆ្នាំត្រូវបានគេមើលឃើញថា ជាអ្នកចូលចិត្ត និងមានទេពកោសល្យខាងបាល់ទាត់មួយរូបពេលលេងបាល់ទាត់ជាមួយអ្នកជិតខាងក្នុងភូមិ។ Maradona ត្រូវបានជ្រើសរើសឲ្យចូលហ្វឹកហាត់ក្នុងថ្នាលយុវជននៃក្លិប Buenos Aires’s Argentinos Juniors។ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៦ Diego Maradona បានចូលលេងជាលក្ខណៈអាជីពជាលើកដំបូងឲ្យក្លិប Argentinos Juniors ដោយពាក់ស្លាកលេខ១៦ មុនពេល ១០ថ្ងៃគាត់ឈានចូលវ័យ ១៦ឆ្នាំដែលបានក្លាយជាកីឡាករ ក្មេងជាងគេលេងនៅលីគកំពូលរបស់អាហ្សង់ទីនទៀតផង។

Maradona បានចំណាយពេល ៤ឆ្នាំលេងឲ្យក្លិប Argentinos Juniors នៅអំឡុងឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៨១ ដោយរកបាន ១១៥គ្រាប់ពីការចូលលេងបាន ១៦៧ប្រកួត មុនផ្លាស់ទៅលេងឲ្យក្លិបរួមលីគរបស់អាហ្សង់ទីនដដែល Boca Juniors ក្រោមតម្លៃខ្លួន ៤លានដុល្លារ។

៣៖ ភាពជោគជ័យក្នុងបាល់ទាត់របស់លោក Maradona
កត្តាតស៊ូ និងខិតខំហ្វឹកហាត់របស់ Diego Maradona ត្រូវបានសហព័ន្ធបាល់ទាត់អាហ្សង់ទីន AFA កោះហៅចូលជម្រើសជាតិតាំងពីគេមានអាយុទើបតែ ១៦ឆ្នាំមកម្ល៉េះ និងចាប់ផ្តើមលេងប្រកួតដំបូងពេលអាហ្សង់ទីន ប៉ះហុងគ្រីនា ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ១៩៧៧ ក្នុងតំណែងជាខ្សែបម្រើប្រយុទ្ធ (Attacking midfielder)។ Maradona បានបង្ហាញខ្លួន ក្នុងវគ្គជម្រុះ World Cup ដំបូងក្នុងឆ្នាំ១៩៧៨ និងមានវត្តមានលេងជុំផ្តាច់ព្រ័ត្រ ៤សម័យកាលក្នុងឆ្នាំ១៩៨២ ១៩៨៦ ១៩៩០ និងចុងក្រោយក្នុងឆ្នាំ១៩៩៤។ កីឡាករដែលមានកម្ពស់ត្រឹមតែ ១.៦៥ម៉ែត្រ រហស្សនាម «ខ្លាកន្តឿ Maradona» ផងនោះ បានជួយប្រទេសអាហ្សង់ទីនឈ្នះជើងឯកបាល់ទាត់ពិភពលោកម្តងដែរក្នុងឆ្នាំ១៩៨៦ ដែលមាន មិចស៊ិកធ្វើម្ចាស់ផ្ទះ ពេលយកឈ្នះអាល្លឺម៉ង់ខាងលិចនៅវគ្គផ្តាច់ព្រ័ត្រ។

៤៖ ការប្រកបអាជីពក្នុងក្លិប និងគ្រូបង្វឹក
ការប្រកបអាជីពលោកវាលស្មៅអស់រយៈពេល ២១ឆ្នាំ Diego Maradona បានលេងឲ្យក្លិបចំនួន៦ រួមមាន Argentinos Juniors, Boca Juniors, FC Barcelona, Napoli, Sevilla, Newell’s Old Boys និងចុងក្រោយក្លិប Boca Juniors មុនប្រកាសចូលនិវត្តន៍ ដោយរកគ្រាប់ស៊ុតបញ្ចូលទីបាន ២៥៩គ្រាប់ ពីការចូលលេងបាន ៤៩១ប្រកួត។

ក្រោយពីការចូលនិវត្តន៍ Diego Maradona ក៏មិនបានទៅណាឆ្ងាយពីបាល់ទាត់នោះដែរ ពោលគឺបានវិវត្តន៍ក្លាយជាអ្នក ចាត់ការ (គ្រូបង្វឹក) ចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំដល់ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមាន ៦ក្លិបនៅអាហ្សង់ទីន មិចស៊ិក អារ៉ាប់ រួម និងក្លិបនៅអាហ្សង់ទីនជាដើម។ លើសពីនេះទៀត Maradona ក៏ធ្លាប់បានដឹកនាំក្រុមជម្រើសជាតិពពកស អាហ្សង់ទីន ២ឆ្នាំផងដែរក្នុងអំឡុងឆ្នាំ២០០៨ ដល់ឆ្នាំ២០១០ មាន ២៤ប្រកួត ឈ្នះ១៨ដង មិនដែលស្មើ និងចាញ់ ៦ដង មានស្ថិតិឈ្នះ ៧៥%៕