(ភ្នំពេញ)៖ ឥឡូវនេះអតិថិជនដែលប្រើប្រាស់ App ទាន់ចិត្តរបស់ធនាគារអេស៉ីលីដា មិនត្រឹមតែអាចប្រតិបត្តិការលើកស្កែនទូទាត់តាមឃ្យូអរកូដ ពេលទិញទំនិញពិនិត្យមើលសមតុល្យគណនី និងរបាយការណ៍គណនីសង្ខេបផ្ទេរប្រាក់ដាក់ប្រាក់ចូលគណនីទាន់ចិត្ត ទូទាត់វិក្កយបត្ររួម ទូទាត់វិក្កយបត្រអគ្គីសនី រដ្ឋាករទឹក បញ្ចូលទឹកប្រាក់ទូរស័ព្ទ សំណើសុំឥណទាន បើកគណនីមានកាលកំណត់។ល។នោះទេ ថែមទាំងអាចទទួលបានអត្ថប្រយោជន៍ជាច្រើនទៀត ក្នុងទិញទំនិញផ្សារទំនើបអ៉ីអន ចាប់ពីថ្ងៃទី២៧ ដល់២៩ ខែវិច្ឆកា ឆ្នាំ២០២០នេះ។

ធនាគារអេស៉ីលីដា ដែលជាធនាគារឈានមុខគេមួយនៅកម្ពុជាបានប្រកាសឲ្យដឹងថា រាល់ការទិញទំនិញនៅផ្សារអ៉ីអនមានបញ្ជុះតម្លៃដល់ទៅ៣០% តាមរយៈការស្កេនQRកូដរបស់អេស៉ីលីដាទាន់ចិត្ត ចាប់ពីថ្ងៃទី២៧ ដល់២៩ ខែវិច្ឆកា ឆ្នាំ២០២០ ដែលនេះជាការជំរុញឲ្យការទូទាត់ប្រាក់តាមបែបឌីជីថល កាន់តែពេញនិយមជាជាងការទូទាត់សាច់ប្រាក់។

មិនត្រឹមតែការជំរុញឲ្យការទូទាត់ប្រាក់តាមបែបឌីជីថលរបស់ធនាគារអេស៉ីលីដានេះទេ វាក៏ត្រូវបានរៀបចំឡើងក្នុងគោលបំណង កាត់បន្ថយការរីករាលដាលនៃការចម្លងមេរោគកូវីដ-១៩ តាមរយៈការកាន់សាច់ប្រាក់ពីដៃមួយទៅដៃមួយ ទោះបីជាស្ថាននៃរីករាលដាលជំងឺកូវីដ បានធូរស្បើយបន្តិចក្តី។

App ទាន់ចិត្តមានអតិថិជនជិត២លាននាក់ហើយ ដែលកំពុងប្រើប្រាស់។ បច្ចុប្បន្នធនាគារអេស៉ីលីដា កំពុងធ្វើឲ្យកាន់តែទាន់សម័យនូវមុខងារបន្ថែមទៀត ដើម្បីបំពេញតម្រូវការអតិថិជនឲ្យកាន់តែសម្បូរណ៍បែប ក្នុងការប្រើប្រាស់សេវាកម្មជាច្រើន។ យោងតាមរបាយកាណ៍ពីធនាគារអេស៉ីលីដា ដែលបានផ្តល់ឲ្យសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៦ ខែវិឆ្ឆិកា ឆ្នាំ២០២០ សម្រាប់ការប្រើប្រាស់សេវាអេស៉ីលីដាទាន់ចិត្ត មានសរុបទាំងអស់ជាង១លាន៦សែននាក់ ហើយមានហាងជាដៃគូទាន់ចិត្តចំនួនជិត៥ម៉ឺនហាង។

នៅក្នុងនោះដែរម៉ាស៉ីនATMs របស់ធនាគារអេស៉ីលីដា សរុបទាំងអស់711ATMs ខណៈដែលម៉ាស៉ីនឆូតកាតPOS របស់ធនាគារអេស៉ីលីដាសរុបទាំងអស់ ៤២៧៥ទូទាំងប្រទេស។ «តោះនាំគ្នាទៅផ្សារទំនើបអ៉ីអន!»