(អាមេរិក)៖ ទីភ្នាក់ងារកូរ៉េខាងត្បូងសម្រាប់ការការពារព័ត៌មានផ្ទាល់ខ្លួន បានផាកពិន័យក្រុមហ៊ុន Facebook ជាទឹកប្រាក់ចំនួន ៦,៧ ពាន់លានវ៉ុន (ប្រហែលនឹង ៦,០៦លានដុល្លារអាមេរិក) ព្រមទាំងធ្វើការស៊ើបអង្កេតកម្រិតព្រហ្មទណ្ឌ ក្រោយពីរកឃើញថា បណ្ដាញសង្គមយក្សមួយនេះ បានផ្តល់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ទៅឱ្យប្រតិបត្តិករផ្សេង ដោយគ្មានការយល់ព្រម។

គណៈកម្មការការពារព័ត៌មានផ្ទាល់ខ្លួនរបស់កូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្ដីថ្លែងការមួយថា ខ្លួនបានផាកពិន័យក្រុមហ៊ុន Facebook បន្ទាប់ពីស៊ើបអង្កេត និងរកឃើញថា ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ Facebook ចំនួន ៣,៣លាននាក់ ក្នុងចំណោម ១៨លាននាក់នៅកូរ៉េ ត្រូវបាន Facebook ផ្ដល់ទៅឱ្យក្រុមហ៊ុនផ្សេងនៅចន្លោះខែឧសភា ឆ្នាំ២០១២ ដល់ខែមិថុនា ឆ្នាំ២០១៨ ដោយការផ្ដល់ព័ត៌មានផ្ទាល់ខ្លួនទៅឱ្យក្រុមហ៊ុនផ្សេងនេះ សាមីខ្លួនមិនបានដឹង ហើយខាង Facebook ក៏មិនបានសុំការអនុញ្ញាតផងដែរ។

គណៈកម្មការខាងលើបានលើកឡើងថា ការផ្ដល់ជូនព័ត៌មានផ្ទាល់ខ្លួនទៅឱ្យភាគីទី៣នេះ វាខុសនឹងច្បាប់ ជាពិសេសគឺអាចបង្កជាបទល្មើស ឬឧក្រិដ្ឋកម្មបាន ហើយនៅពេលនេះ កំពុងតែបើកការស៊ើបអង្កេតក្នុងកម្រិតព្រហ្មទណ្ឌ៕