(ភ្នំពេញ)៖ ការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ បានចាប់ផ្ដើមប្រកួតផ្លូវការហើយ នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីធ្វើការថ្លឹងទម្ងន់ និងចាប់គូរួចរាល់ កាលពីម្សិលមិញ។ ប៉ុន្ដែការប្រកួតឆ្នាំនេះ ធ្វើឡើងតែ ១វិញ្ញាសាប៉ុណ្ណោះ ដើម្បីកាត់បន្ថយការប្រមូលផ្ដុំមនុស្សច្រើន និងទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩។ នេះបើតាមការបញ្ជាក់របស់កញ្ញា មាស តឿ អគ្គលេខាធិការស្ដីទីសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា។

អគ្គលេខាធិការស្ដីទីរូបនេះបានបញ្ជាក់ថា ជើងឯកទាញព្រ័ត្រថ្នាក់ជាតិឆ្នាំនេះ គឺមាន ២២ក្រុមចូលរួម មកពីទូទាំងប្រទេស ដែលមានការកើនឡើងច្រើនបើធៀបនឹងឆ្នាំមុន។ ប៉ុន្ដែដើម្បីចូលរួមអនុវត្តនូវវិធានការក្រសួងសុខាភិបាល សហព័ន្ធបានរៀបចំការប្រកួតតែ ១វិញ្ញាសាប៉ុណ្ណោះ គឺវិញ្ញាសា ៤នាក់ទល់នឹង៤នាក់ ខណៈវិញ្ញាសា ៨នាក់ទល់នឹង ៨នាក់ ត្រូវបានកាត់ចេញ ដើម្បីចៀសវាងការប្រមូលផ្ដុំមនុស្សច្រើន។

កញ្ញាបានបន្ដថា «ឆ្នាំនេះ យើងលេងតែវិញ្ញាសា ៤នាក់ ទល់នឹង ៤នាក់ទេ ដោយសារវិញ្ញាសា ៨នាក់ ទល់នឹង ៨នាក់ មានអ្នកចូលរួមច្រើន។ តែដោយសារយើងត្រូវកាត់បន្ថយ និងការពារជំងឺកូវីដ-១៩ ផង សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា គឺបានលើកតែវិញ្ញាសា ៤នាក់ទល់នឹង ៤នាក់ មកប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ»។

យ៉ាងណាមិញ សហព័ន្ធបានវាយតម្លៃខ្ពស់ ចំពោះក្រុមចូលរួមប្រកួតឆ្នាំនេះ ដែលមានការកើនសមត្ថភាព និងបច្ចេកទេសគួរឲ្យកត់សម្គាល់ ផ្ទុយពីឆ្នាំមុនៗដោយសារការមិនទាន់យល់ច្បាស់ពីបច្ចេកទេសប្រកួត បានធ្វើឲ្យកីឡាករ-កីឡាការិនីមានរបួសច្រើន។ ដូច្នេះនេះគឺជាសញ្ញាណវិជ្ជមានមួយទៀត នៃការរីកចម្រើនរបស់កីឡាទាញព្រ័ត្រកម្ពុជា ឆ្ពោះទៅរកការប្រកួតលក្ខណៈអន្ដរជាតិ ក៏ដូចជាស៊ីហ្គេមផងដែរ។ កញ្ញា មាស តឿ បន្ថែម។

គួរបញ្ជាក់ថា ការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ គឺធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៧ ខែវិច្ឆិកានេះ នៅវិមានពហុកីឡដ្ឋានជាតិ ដោយមាន ២២ក្រុមចូលរួម ក្នុងនោះគឺមានផ្នែកបុរស ១២ក្រុម និងផ្នែកនារី ១០ក្រុម។ ការប្រកួតនេះ គឺទទួលបានការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា៕