(ភ្នំពេញ)៖ អង្គការមូលនិធិកុមារកម្ពុជា (CCF) និងក្រុមហ៊ុន eMoney នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចុះហត្ថលេលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ភាពជាដៃគូសហការ និងការអនុវត្តយុទ្ធនាការប្រមូលមូលនិធិថ្មី ដើម្បីជួយគាំទ្រដល់ការអប់រំតាមប្រព័ន្ធ STEM និងផ្នែកព័ត៌មានវិទ្យា (IT) នៅក្នុងអង្គការមូលនិធិកុមារកម្ពុជា ដែលមានរយៈពេល៦ខែ តាមរយៈទម្រង់បច្ចេកវិទ្យាហរិញ្ញវត្ថុនៅគ្រប់បណ្ដាញសាខា eMoney ចំនួន ៨,០០០សាខា នៅទូទាំងប្រទេសកម្ពុជា។
CCF គឺជាអង្គការក្រៅរដ្ឋាភិបាលក្នុងតំបន់នៅស្ទឹងមានជ័យ បានផ្លាស់ប្តូរជីវិតរបស់កុមារកំព្រាក្រីក្របាត់បង់ឱកាស និងត្រូវបានមើលរំលងនៅក្នុងប្រទេសកម្ពុជា តាមរយៈ ការអប់រំដ៏មានគុណភាពខ្ពស់ ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងកម្មវិធីជួយគាំទ្រដោយផ្ទាល់ផ្សេង។ តាមរយៈការបរិច្ចាគនៅលើកម្មវិធី eMoney អ្នកប្រើប្រាស់ eMoney នៅទូទាំងប្រទេសកម្ពុជា នឹងអាចធ្វើការបរិច្ចាគទៅកាន់អង្គការមូលនិធិកុមារកម្ពុជាប្រកបដោយភាពងាយស្រួល។
ភាពជាដៃគូរនេះ នឹងផ្ដល់ឲ្យកុមារកម្ពុជាក្រីក្របំផុតជាង ២,០០០នាក់ ដែលកំពុងតែសិក្សានៅសាលារៀនរបស់អង្គការមូលនិធិកុមារកម្ពុជានៅស្ទឹងមានជ័យ ទីក្រុងភ្នំពេញ ទទួលបានការអប់រំតាមប្រព័ន្ធ STEM (វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) និងធនធានផ្សេងៗរបស់បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT)។
តាមរយៈការជួយផ្គត់ផ្គង់ថវិការដល់ការអប់រំតាមប្រព័ន្ធ STEM និងការអប់រំបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ នៅអង្គការមូលនិធិកុមារកម្ពុជា ក្រុមហ៊ុន eMoney ជួយគាំទ្រដល់ការអភិវឌ្ឍសម័យបច្ចេកវិទ្យា ដើម្បីឲ្យកុមារទាំងនោះប្រកបដោយជំនាញច្បាស់លាស់ សម្រាប់អាជីពការងារនាពេលអនាគតរបស់ពួកគេ នៅក្នុងវិស័យ បច្ចេកវិទ្យានៃប្រទេសកម្ពុជា។
លោក Scott Neeson ស្ថាបនិក និងនាយកប្រតិបត្តិការរបស់អង្គការមូលនិធិកុមារកម្ពុជា បានឱ្យដឹងថា អង្គការមូលនិធិកុមារកម្ពុជា (CCF) បានបង្កើតកន្លែងអប់រំតាមប្រព័ន្ធ STEM យ៉ាងរឹងមាំនៅក្នុងតំបន់ស្ទឹងមានជ័យ សម្រាប់ធ្វើការបង្រៀនដល់កុមារក្រីក្របំផុតក្នុងតំបន់នោះ។ ភាពជាដៃគូជាមួយនិងក្រុមហ៊ុន eMoneyនេះនឹងជួយបង្កើន ការអប់រំដល់សិស្សានុសិស្សរបស់យើង។
ការសហការនេះក៏នឹងអាចឱ្យអ្នកគាំទ្រអង្គការមូលនិធិកុមារកម្ពុជានូវវិធីដែលមានប្រសិទ្ធភាពក្នុងការតាមដានការងារ និងបរិច្ចាគទៅកម្មវិធីរបស់ពួកយើងផងដែរ។ ក្រុមហ៊ុន eMoney បានគាំទ្រយ៉ាងក្រៃលែងក្នុងការរៀបចំវេទិការនេះ និងសូមថ្លែងអំណរគុណរចំពោះការយកចិត្តទុកដាក់របស់ពួកគេ មកលើអប់រំតាមប្រព័ន្ធ STEM អង្គការមូលនិធិកុមារកម្ពុជា។
លោក Pham Doan Cuong អគ្គនាយកក្រុមហ៊ុន eMoney បានឱ្យដឹងដែរថា ភាពជាដៃគូនេះនឹងផ្តល់ភាពងាយស្រួល ដល់ប្រជាជនកម្ពុជា ក្នុងការបរិច្ចាគទៅកាន់ អង្គការ មូលនិធិកុមារកម្ពុជា តាមរយៈកម្មវិធី eMoney និងតាមបណ្ដាញភ្នាក់ងារ eMoney ដែលមានទីតាំងជាង ៨,០០០កន្លែងនៅទូទាំងប្រទេស ដើម្បីក្លាយជាផ្នែកមួយ នៃការអភិវឌ្ឍប្រទេសកម្ពុជានាពេលអនាគត។
អ្នកផ្តល់សេវាហិរញ្ញវត្ថុតាមទូរស័ព្ទចល័តឈានមុខគេ ក្រុមហ៊ុន eMoney ផ្តល់សេវាកម្មហិរញ្ញវត្ថុកាន់តែលឿន ងាយស្រួល និងមានសុវត្ថិភាពជូនដល់ប្រជាជនកម្ពុជា។ តាមរយៈបណ្តាញរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា និងភាពជាដៃគូជាមួយនឹងអង្គការ ដូចជាអង្គការមូលនិធិកុមារកម្ពុជា (CCF) ក្រុមហ៊ុន eMoney មានគោលបំណង ក្នុងការជះឥទ្ធិពលលើវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ និងបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT) ក្នុងជីវិតប្រចាំថ្ងៃដោយឥតដែនកំណត់សម្រាប់មនុស្សគ្រប់គ្នា និងគ្រប់ទីកន្លែង។
លោកបានបន្ថែមថា តាមរយៈការគាំទ្រពីភាពជាដៃគូបែបនេះហើយ ដែលធ្វើឲ្យអង្គការមូលនិធិកុមារកម្ពុជា អាចផ្តល់ការអប់រំប្រកបដោយគុណភាព និងកម្មវិធីគាំទ្រ សហគមន៍ នៅក្នុងតំបន់ ស្ទឹងមានជ័យ រាជធានីភ្នំពេញ។ អង្គការមូលនិធិកុមារកម្ពុជាបានកំពុងបំបែកវដ្តនៃភាពក្រីក្រ ការរំលោភបំពាន និងបង្កើតការផ្លាស់ប្តូរ នៅក្នុង ប្រទេសកម្ពុជា តាមរយៈការកសាងសមត្ថភាពរបស់សហគមន៍ ដែលត្រូវបានរំលោភបំពាន និងងាយរងគ្រោះបំផុត អ្នកដែលមានជីវភាពក្រីក្រខ្លាំងបំផុត បញ្ហាសុខភាព និងសង្គម និងអ្នកដែលទទួលបានធនធានមូលដ្ឋានតិចបំផុត៕