(ភ្នំពេញ)៖ តារាចម្រៀងបែបយុវវ័យលោក វណ្ណដា ត្រូវបានក្រុមហ៊ុនសែលកាត ប្រកាស ជាសាធារណៈថា ក្រុមហ៊ុនបានជ្រើសរើសរូបលោកឲ្យក្លាយជាទូតសុច្ឆន្ទៈ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញនេះ ប៉ុន្តែអ្វីដែលនៅមិនទាន់ដាច់ស្រេចនោះ គឺស្រាប់តែនៅថ្ងៃនេះ វណ្ណដា បានទទួលលិខិតឲ្យចូលខ្លួននៅតុលាការ បំភ្លឺលើបណ្ដឹងរបស់ក្រុមហ៊ុនចាស់ ធ្វើឲ្យតារាចម្រៀងបែបហ៊ីបហបរូបនេះ ចេញមុខបំភ្លឺដល់សាធារណជន ក៏ដូចជាអ្នកគាំទ្របានដឹង និងជ្រាបពីដំណើររឿងឲ្យកាន់តែច្បាស់។

តារាចម្រៀង វណ្ណដា បានថ្លែងប្រាប់ Fresh News Plus នៅមុននេះបន្តិចថា «នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅវេលាម៉ោង៨កន្លះព្រឹក តុលាការបានបើកសវនាការមួយ បន្ទាប់ពីក្រុមហ៊ុនស្មាត បានដាក់ពាក្យប្ដឹងរូបលោក សុំឲ្យតុលាការចេញដីកាសម្រេចរក្សាការពារ មានអនុភាពអនុវត្តភ្លាម ទោះមានបណ្ដឹងតវ៉ាក៏ដោយ គឺដើម្បីហាមឃាត់មិនឲ្យរូបលោក ផ្តល់សេវាតន្ត្រី រួមមានការចូលរួមក្នុងការប្រគំតន្រ្តី ព្រឹត្តិការណ៍ កម្មវិធីកំសាន្តទាំងឡាយ ព្រមទាំងហាមឃាត់ មិនឲ្យចាត់ចែង លក់ដូរផ្ទេរកម្មសិទ្ធិឬផ្ដល់ផលិតផល ដែលផលិតដោយរូបលោក ទៅឲ្យអ្នកផ្ដល់សេវាតន្ដ្រីផ្សេង (Music Content Provider) ឬទៅប្រតិបត្តិករ ទូរគមនាគមន៍ដែលជាដៃគូ ប្រកួតប្រជែងរបស់ក្រុមហ៊ុនស្មាត ទោះដោយផ្ទាល់ក្តី ឬដោយប្រយោលក្ដី។ ក្នុងអំឡុងពេលដែលកិច្ចព្រមព្រៀង នៅមានសុពលភាព និងសូមឲ្យរូបលោក អនុវត្តកាតព្វកិច្ចរបស់ខ្លួន តាមកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនស្មាត»។

តារាចម្រៀងរូបនេះបានបន្តថា យ៉ាងណាមិញ នៅក្នុងពាក្យសុំដីកាសម្រេចរក្សាការពារ របស់ក្រុមហ៊ុនស្មាត បានលើកឡើងថា រូបលោកនៅជាប់កិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនស្មាត ដោយសារតែសំអាងលើចំណុចមួយឃ្លា នៅក្នុងកិច្ចព្រមព្រៀងនោះថា កិច្ចព្រមព្រៀងនឹងបន្តជាស័្វយប្រវត្តិ យៈពេលមួយឆ្នាំទៀត។

ទាក់ទងនឹងរឿងរ៉ាវដ៏រសើបនេះ វណ្ណដា បានបដិសេធទាំងស្រុង ចំពោះការអះអាងដែលក្រុមហ៊ុនស្មាត បានដាក់ទៅខាងតុលាការ។ វណ្ណដា បានលើកឡើងទៀតថា ការចរចាលើកិច្ចព្រមព្រៀងថ្មី បានបរាជ័យទាំងស្រុង ដែលគិតចាប់ផ្តើមតាំងពីខែ តុលា ឆ្នាំ២០១៩ រហូតមកដល់ខែមីនាឆ្នាំ ២០២០។ ចាប់ពីខែមេសាឆ្នាំ២០២០ រូបលោកក៏លែងបន្តផ្ដល់សេវាកម្មទៅដល់ស្មាត ហើយស្មាតក៏បញ្ឈប់ធ្វើការបង់ប្រាក់កម្រៃនានា ជាប្រចាំខែទៀតផងដែរ។

តារាចម្រៀងមានវ័យ ២៣ឆ្នាំ ដែល ក្នុងបណ្តាញសង្គមមានអ្នកគាំទ្ររហូតដល់ ១.៤៥លាននាក់ នៅលើប្រព័ន្ធ Youtube រូបនេះ បាននិយាយទៀតថា «ខ្ញុំមានសេចក្តីសោមនស្សរីករាយ និងមានកិត្តិយស ដែលបានក្លាយ ជាទូតទូតសុច្ឆន្ទៈប្រចាំក្រុមហ៊ុនសែលកាត ដែលជាក្រុមហ៊ុនបណ្តាញទូរស័ព្ទ ឈានមុខគេនៅក្នុងប្រទេសកម្ពុជា។ ក្នុងនាមខ្ញុំជាទូតសុច្ឆន្ទៈថ្មី ខ្ញុំចង់បង្ហាញនូវមហិច្ឆតារបស់សិល្បករ ក្នុងការជម្រុញ និងការអភិវឌ្ឍន៍ភាពឆ្នើមរបស់កម្ពុជា ដើម្បីចែករំលែកទៅកាន់ពិភពលោកឲ្យបានស្គាល់»។

ឆ្លើយតបនឹងបញ្ហានេះ វណ្ណដា បានចេញវីដេអូឃ្លីបមួយ ដោយអះអាងនូវអ្វីដែល ក្រុមហ៊ុនស្មាត បានចោទប្រកាន់លើរូបលោក ហើយមាននៅក្នុងវីដេអូ ដូចខាងក្រោមនេះ៖