(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់វ័យចាស់ ៧មករា តេជោសន្ដិភាព ឆ្នាំ២០២១ ដែលរៀបចំដោយក្រុមសម្ព័ន្ធយុវជនស្រលាញ់សន្ដិភាព បានប្រកាសរៀបចំការប្រកួតរដូវកាលថ្មី លើកទី៥ ហើយ ដោយមាន ១០ក្រុមចូលរួម ខណៈការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ នៅកីឡដ្ឋានស្តាតចាស់។

ប៉ុន្ដែអ្វីដែលពិសេសឆ្នាំនេះ គណៈកម្មការរៀបចំការប្រកួត បានបង្កើតពានថ្មីមួយទៀត បន្ថែមលើពានធំ ដែលប្រកួត ១១នាក់លើទីលាន គឺពានរង្វាន់ប៉េណាល់ទី ដើម្បីលើកទឹកចិត្តដល់ក្រុមចូលរួម ។ នេះបើតាមការបញ្ជាក់របស់លោក អ៊ុច ពិសាល តំណាងលោក ជុំ កុសល ប្រធានកិត្តិយសសម្ព័ន្ធយុវជនស្រលាញ់សន្ដិភាព នៅក្នុងសន្និសីទសារព័ត៌មានថ្ងៃសុក្រនេះ។

លោក អ៊ុច ពិសាល បន្ដថា ពានប៉េណាល់ទី(១១ម៉ែត្រ) គឺជាពានដាច់ដោយឡែក មានន័យក្រោយចប់រាល់ការប្រកួត ក្រុមនីមួយៗ ត្រូវជ្រើសរើសកីឡាករមានវ័យ ៤៦ឆ្នាំឡើង ដើម្បីទាត់ប៉េណាល់ទី និងសន្សំពិន្ទុ ហើយក្រុមមានពិន្ទុខ្ពស់ជាងគេ នឹងបានឡើងវគ្គបន្ដ រហូតរកឃើញក្រុមជ័យលាភី ។ ចំពោះប្រាក់រង្វាន់ សម្រាប់ពានធំ លេខ១ ទទួលបាន ៨លានរៀល, លេខ២ ទទួលបាន ៤លានរៀល។ រីឯពានប៉េណាល់ទី លេខ១ ទទួលបាន ៤លានរៀល និងលេខ២ ទទួលបាន ៣លានរៀល។

ចំពោះរូបមន្ដប្រកួតវិញ ក្នុងចំណោម ១០ក្រុមចូលរួម គឺបែងចែកជា ២ពូល រួមមានពូល A គឺមានក្រុមកងយោធពលខេមរភូមិន្ទ, TN Kandal, សម្ព័ន្ធយុវជនស្រលាញ់សន្ដិភាពខេត្តរតនគិរី, CCCCFC និងក្រុម Seven Clean Football Team ។ រីឯពូល B គឺមានក្រុម Khmer United, មហាហង្សវ័យចាស់, សម្ព័ន្ធយុវជនស្រលាញ់សន្ដិភាព, CCMP FC និងក្រុម 7NG។ គោលបំណងការប្រកួតនេះ គឺដើម្បីអបអរទិវាជ័យជម្នះ ៧មករា ខួបលើកទី៤២ ផង និងលើកកម្ពស់ការលេងកីឡា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងសុខភាពផង៕