(កាលីហ្វរញ៉ា)៖ ក្រុមហ៊ុនអាមេរិក Walt Disney ទើបតែបានឲ្យដឹងក្នុងសប្តាហ៍នេះថា ខ្លួននឹងកាត់បន្ថយបុគ្គលិកសរុបចំនួន៣២,០០០នាក់ ជាពិសេសក្នុងផ្នែកសួនកម្សាន្ត។ តួលេខនេះគឺច្រើនជាងកាលពីពេលដែល Disney បានប្រកាសកាលពីខែកញ្ញាកន្លងទៅ ចំពោះមុខបញ្ហាលំបាកដែលបង្កឡើងដោយវិបត្តិជំងឺរាតត្បាតសកល COVID-19។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រុមហ៊ុន Walt Disney បានបញ្ជាក់ថា ការកាត់បន្ថយបុគ្គលិកខាងលើ នឹងត្រូវធ្វើឡើងក្នុងកំឡុង០៦ខែដំបូងនៃឆ្នាំ២០២១។ កាលពីខែកញ្ញាកន្លងទៅនេះ Disney បានប្រកាសពីគម្រោងកាត់បន្ថយបុគ្គលិកចំនួន២៨,០០០នាក់ក្នុងឆ្នាំ២០២១។ ក្រុមហ៊ុន Disney មិនបានឆ្លើយតបទេ ចំពោះសំណើរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលសុំឲ្យបកស្រាយជុំវិញចម្ងល់ថា តើចំនួនបុគ្គលិក២៨,០០០នាក់នោះ ត្រូវបានរាប់បញ្ចូលក្នុងតួលេខចុងក្រោយខាងលើដែរឬអត់ ប៉ុន្តែអ្នកនាំពាក្យម្នាក់របស់ Disney បានបញ្ជាក់ប្រាប់សារព័ត៌មាន Variety ថា តួលេខ៣២,០០០នាក់ គឺរាប់បញ្ចូលទាំងតួលេខ២៨,០០០នាក់។

គួរជម្រាបថា សួនកម្សាន្តរបស់ក្រុមហ៊ុន Disney នៅរដ្ឋផ្លូរីដា និងនៅក្រៅសហរដ្ឋអាមេរិក បានបើកទ្វារឡើងវិញកាលពីប៉ុន្មានខែមុន ដោយពុំមានករណីឆ្លងរាតត្បាតថ្មីខ្លាំងនោះឡើយ ប៉ុន្តែមានការអនុវត្តនូវវិធានការរក្សាគម្លាតសុវត្ថិភាព ការធ្វើតេស្ត និងការពាក់ម៉ាសយ៉ាងតឹងរ៉ឹង ។ សម្រាប់សួន Disneyland នៅទីក្រុងប៉ារីសត្រូវបានបង្ខំឲ្យបិទទ្វារជាថ្មីម្តងទៀត កាលពីចុងខែតុលា នៅពេលដែលបារាំងបានដាក់ចេញវិធានការបិទប្រទេសឡើង ដើម្បីទប់ទល់រលកថ្មីនៃការឆ្លងរាលដាល COVID-19។ រីឯសួន Disneyland ក្នុងទីក្រុងសៀងហៃ ទីក្រុងហុងកុង និងទីក្រុងតូក្យូ នៅបន្តបើកទ្វារដដែល៕