(ភ្នំពេញ)៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង ក្រោមកិច្ចសហការជាមួយសមាគម EDMR ប្រចាំនៅកម្ពុជា នាថ្ងៃទី២៧ ខែវិច្ឆិកានេះបានបើកសិក្ខាសាលាមួយ ស្ដីពីការលើកកម្ពស់សុខភាពផ្លូវចិត្ត ក្នុងអំឡុងពេលនៃការរីករាលជំងឺកូវីដ-១៩។ សិក្ខាសាលានេះ ធ្វើឡើងរយៈពេល ១ថ្ងៃប៉ុណ្ណោះ ដោយមានសិក្ខាកាមចូលរួម ២០នាក់។

លោក ជូ សេរីយ៉ា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុងបានបញ្ជាក់ថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងជំរុញការយល់ដឹង អំពីចិត្តសាស្ដ្រកីឡា ដល់មន្ដ្រីកីឡាតាមការិយាល័យ និងគ្រឹះស្ថានសិក្សាក្នុងខេត្ត ដើម្បីដោះស្រាយនូវរាល់វិបត្តិផ្លូវចិត្តក្នុងវិស័យកីឡា ដែលធ្វើបទបង្ហាញដោយអ្នកជំនាញចិត្ដវិទ្យាលោក អ៊ាន និល។

ដូច្នេះបន្ទាប់ពីសិក្ខាសាលានេះលោករំពឹងថា សិក្ខាកាមទាំងអស់ នឹងយកចំណេះដឹងទៅចែករំលែក និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព ពិសេសអំឡុងពេលការរីករាលជាសកលនៃជំងកូវីដ-១៩ ដើម្បីចូលរួមអភិវឌ្ឍវិស័យកីឡាខេត្តឲ្យកាន់តែរីកចម្រើន ឆ្ពោះទៅរកការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិ ក៏ដូចជាការរួមចំណែកក្នុងយុទ្ធនាការឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ៕