(ភ្នំពេញ)៖ ផ្សារឃ្លាំងរំសែវថ្មីសែនសុខ បានសម្ពោធជាផ្លូវការហើយ ព្រឹកថ្ងៃទី២៧ ខែ វិច្ឆិកាឆ្នាំ២០២០ ក្រោមអធិបធីភាព លោកស្រី ហ៊ុន សេងនី, លោកស្រី កែវ សុខពិសី អភិបាលរង តំណាងអភិបាលរាជធានីភ្នំពេញ រួមទាំងមានការអញ្ជើញពីតំណាង លោកម៉ូវ ម៉ានិតអភិបាលខណ្ឌសែនសុខផងដែរ។

លោកស្រី កែវ សុខពិសី អភិបាលបានថ្លែងថា តាងនាម ជាអាជ្ញាធរដែនដី តំណាងឲ្យអភិបាលរាជធានីភ្នំពេញ លោកស្រី បានសម្តែងនូវសេចក្តីរីករាយខ្លាំង ដោយឃើញវិស័យឯកជនចូលរួមចំនែកអភិវឌ្ឍន៍រាជធានីភ្នំពេញយ៉ាងឆាប់រហ័សនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោកស្រីបន្តថា ដោយសារកត្តាសុខសន្តិភាព កំណើនសេដ្ឋកិច្ច ក្នុងរយៈពេលប៉ុន្មានទសវត្សមកនេះ បើទោះបីជា ឆ្នាំ២០២០នេះ ជួបវិបត្តិសកលរីករាលដាលជំងឺកូវីដដ៏កាចសាហាវក៏ដោយ តែកម្ពុជាយើង បានទទួលជោគជ័យ ក្នុងការទប់ស្កាត់ជំងឺនេះផងដែរ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងរឹងមាំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

នៅក្នុងរាជធានីភ្នំពេញ ខណ្ឌសែនសុខ ដែលជាតំបន់អភិវឌ្ឍន៍ថ្មីមួយដែលឈានពីតំបន់លំនៅឋាន មកជាតំបន់ពាណិជ្ជកម្មយ៉ាងឆាប់រហ័ស បណ្តុំទៅដោយពាណិជ្ជកម្មចំរុះ និងច្រើនកុះករ។

ជាក់ស្តែង ដូចនៅផ្សារឃ្លាំងរំសែវថ្មីនេះ គឺស្ថិតនៅលើទីតាំងចំកណ្តាលតំបន់ពាណិជ្ជកម្មស្ថិត នៅក្បែរផ្សារទំនើប AeonII ទល់មុខផ្សារ Global house និងជាតំបន់ប្រជុំជនផងដែរ។

ក្នុងឱកាសនោះ លោកឧកញ៉ា ភេ ពិសិដ្ឋ ដែលជាម្ចាស់សាងសង់ផ្សារឃ្លាំងរំសែវថ្មីសែនសុខនេះ បានលើកឡើងថា ការសាងសង់នេះ ក៏ដោយសារលោកមើលឃើញតម្រូវការជាក់ស្តែងរបស់អតិថិជន ហើយអ្វីដែលពិសេសនោះ គឺកត្តាសុខសន្តិភាព សេដ្ឋកិច្ចរីកចម្រើន ក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើង។

សូមជម្រាបថា ផ្សារឃ្លាំងរំសែវថ្មីសែនសុខបានប្រើរយពេលសាងសង់៩ខែ គិតចាប់ពីថ្ងៃបុកគ្រឹះដែលចំណាយដើមទន់ប្រមាណជាង៣លានដុល្លារ លើផ្ទៃដី២,៧ហិចតា ដែលមានទីតាំងសំខាន់ៗចំនួន៤ គឺចំណតរថយន្តធំទូលាយ ផ្សារបន្លែត្រីសាច់ធម្មជាតិ ផ្ទះអាជីវកម្ម (Shop house) និងជាផ្សារប្រមូលផ្តុំទៅដោយហាងលក់ទូរសព្ទ័ គ្រឿងបន្លាស់ទូរសព្ទ័ Accessories សំលៀកបំពាក់ ហាងការហ្វេ និងអាហារដ្ឋានផងដែរ៕