(ឡុងដ៍)៖ ចក្រភពអង់គ្លេសនឹងចេញគោលការណ៍ប្រកួតប្រជែងថ្មីនៅឆ្នាំក្រោយនេះ ដើម្បីរារាំងកុំឲ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក រួមមាន Google និង Facebook យកឥទ្ធិពលដ៏ធំសម្បើមរបស់ខ្លួនទៅកម្ចាត់បណ្តាក្រុមហ៊ុនដែលតូចៗជាង ហើយដើរខ្សែលើអ្នកប្រើប្រាស់។ នេះបើតាមការចេញផ្សាយដោយសារទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។

គោលការណ៍ប្រកួតប្រជែងថ្មីនោះ នឹងត្រូវដាក់ចេញដោយអង្គភាពពិសេសមួយ នៅក្នុងអាជ្ញាធរផ្នែកប្រកួតប្រជែងនិងទីផ្សារហៅថា CMA របស់ចក្រភពអង់គ្លេស ដែលនៅឆ្នាំនេះបាននិយាយថា ខ្លួនត្រូវការច្បាប់ក៏ដូចជាគោលការណ៍ថ្មីៗ ដើម្បីគ្រប់គ្រងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ។ បើតាមអាជ្ញាធរ CMA ក្រុមហ៊ុន Google និង Facebook គឺជាអ្នកក្តោបក្តាប់វិស័យផ្សព្វផ្សាយពាណិជ្ជកម្មបែបឌីជីថល នៅចក្រភពអង់គ្លេស ដោយស្មើនឹងខ្ទង់៨០ភាគរយ នៃចំនួនទឹកប្រាក់១៤ពាន់ផោន (១៨ពាន់លានដុល្លារ) ដែលត្រូវបានចំណាយលើវិស័យនេះ ក្នុងឆ្នាំ២០១៩។

ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកទាំងពីរ ធ្លាប់បានអះអាងថា ពួកគេប្តេជ្ញាធ្វើការជាមួយរដ្ឋាភិបាលនិងអាជ្ញាធរនិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងវិស័យផ្សព្វផ្សាយពាណិជ្ជកម្មតាមបែបឌីជីថលនេះ រួមមានការផ្តល់ឲ្យអ្នកប្រើប្រាស់នូវសិទ្ធិគ្រប់គ្រងប្រសើរខ្លាំងជាងមុនលើ ទិន្នន័យរបស់ពួកគេ ព្រមទាំងផ្ទាំងពាណិជ្ជកម្មដែលពួកគេមើលឃើញ។

គួរបញ្ជាក់ថា អង្គភាពពិសេសរបស់អាជ្ញាធរ CMA ដែលត្រូវទទួលបន្ទុកលើការចេញគោលការណ៍ប្រកួតប្រជែងថ្មី មានឈ្មោះថា Digital Markets Unit ដែលនឹងចាប់ផ្តើមធ្វើការងារនៅខែមេសា ឆ្នាំ២០២១។ អង្គភាពនេះអាចនឹងផ្តល់ឲ្យនូវសិទ្ធិអំណាចក្នុងការផ្អាក បិទ ឬកែប្រែការសម្រេចចិត្តនានា ដែលធ្វើឡើងដោយបណ្តាក្រុមហ៊ុនបច្ចេកវិទ្យា នៅក្នុងទីផ្សារចក្រភពអង់គ្លេស ហើយអាចដាក់ពិន័យផ្នែកហិរញ្ញវត្ថុបាន សម្រាប់ការល្មើសនឹងគោលការណ៍៕