(អាមេរិក)៖ រូបិយប័ណ្ណអនឡាញ Libra របស់ក្រុមហ៊ុនយក្ស Facebook ត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់ឱ្យប្រើប្រាស់នៅដើមខែមករា ឆ្នាំ២០២១ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Financial Times ដែលបានដកស្រង់សំដីរបស់ ប្រភព ចំនួន៣ដែលជិតស្និទ្ធនឹង Facebook។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា រូបិយប័ណ្ណអនឡាញ Libra របស់ក្រុមហ៊ុនយក្ស Facebook ដែលគ្រោងនឹងដាក់បង្ហាញប្រមាណជា១ឆ្នាំមុន តែក្រោយមកមានបញ្ហានោះ នៅពេលនេះបាន ធ្លាយ ព័ត៌មានមកថា នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅដើមខែមករា ឆ្នាំ២០២១ ដោយក្នុងនោះចរាចរណ៍ជាប្រភេទប្រាក់ដុល្លារ។

រូបិយប័ណ្ណអនឡាញ Libra អាចដាក់ឱ្យប្រើប្រាស់វិញបាននៅពេលនេះ គឺដោយសារតែគណៈកម្មការអឺរ៉ុបបានកែប្រែច្បាប់ថ្មី ដែលនៅក្នុង ច្បាប់ថ្មីនោះ ត្រូវបានគេមើលឃើញថា អាចនឹងអនុញ្ញាតឱ្យ Libra ដំំណើរការឡើងវិញបាន៕