(ភ្នំពេញ)៖ ការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ បានបញ្ចប់ការប្រកួតហើយ នៅថ្ងៃទី២៧ ខែវិច្ឆិកា បន្ទាប់ពីឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញរយៈពេល ៣ថ្ងៃនៅវិមានពហុកីឡដ្ឋានជាតិ ដោយសមាគមកីឡាទាញព្រ័ត្រខេត្តបាត់ដំបង បានគ្រងជើងឯកទាំងបុរស និងនារី។

ជាមួយការប្រកួតតែ ១វិញ្ញាសា ៤នាក់ ទល់នឹង ៤នាក់ឆ្នាំនេះ សមាគមកីឡាទាញព្រ័ត្រខេត្តបាត់ដំបង ធ្វើបានល្អទាំងបុរស និងនារី ដោយវគ្គផ្ដាច់ព្រ័ត្រផ្នែកបុរស ពួកគេបានយកឈ្នះសមាគមកីឡាទាញព្រ័ត្រក្រសួងមហាផ្ទៃ ២-០ ខណៈផ្នែកនារី ពួកគេបានយកឈ្នះសមាគមកីឡាទាញព្រ័ត្រខេត្តស្វាយរៀង ២-០ ដើម្បីគ្រងជើងឯករៀងៗខ្លួន ។

បន្ទាប់ពីចប់ការប្រកួតលោក មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះការប្រកួតប្រជែងរបស់កីឡាករ-កីឡាការិនី នៃក្រុមនីមួយៗ ឆ្នាំនេះ ដែលមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ទាំងសមត្ថភាព និងបច្ចេកទេស ។ ដូច្នេះលោកបានលើកទឹកចិត្តឲ្យកីឡាករ-កីឡាការិនីទាំងអស់ បន្ដការខិតខំបន្ថែមទៀត ដើម្បីលើកកម្ពស់កិត្យានុភាពប្រភេទកីឡាប្រពៃណីជាតិមួយនេះលើឆាកអន្ដរជាតិ ។

ពិសេសលោកជំរុញសមាគម និងក្លិបទាំងអស់ ត្រូវបង្កើនការហ្វឹកហាត់ ដើម្បីត្រៀមចូលរួមការប្រកួតកីឡាទាញព្រ័ត្រលក្ខណៈទេសចរណ៍មួយ នាចុងឆ្នាំ២០២១ នៅខេត្តសៀមរាប គឺការប្រកួតកីឡាទាញព្រ័ត្រអន្ដរជាតិសុច្ឆន្ទៈជើងឯកសមាគម ។ ការប្រកួតនេះ ដំបូងឡើយគ្រោងប្រកួតចុងឆ្នាំ២០២០ តែដោយសារវិបត្តិកូវីដ-១៩ សហព័ន្ធក៏សម្រេចលើកការប្រកួតទៅឆ្នាំក្រោយវិញ ។

គួរបញ្ជាក់ថា ការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ បានធ្វើការប្រកួតរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៧ ខែវិច្ឆិកានេះ នៅវិមានពហុកីឡដ្ឋានជាតិ ដោយមាន ២២ក្រុមចូលរួម ក្នុងនោះគឺមានផ្នែកបុរស ១២នាក់ក្រុម និងផ្នែកនារី ១០ក្រុម ។ ការប្រកួតនេះ ទទួលបានការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា៕