(បាសេឡូណា)៖ ក្លិបបាល់ទាត់ FC Barcelona បានសន្សំប្រាក់ប្រមាណ ១២២លានអឺរ៉ូ ស្មើនឹង ១៤៦លានដុល្លារអាមេរិកពីការព្រមព្រៀងកាត់ប្រាក់ពលកម្មនៅក្នុងស្ថានភាពដ៏លំបាកនៃវិបត្តិជំងឹ Covid-19។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ។

បន្ថែមលើនេះ ក្លិបយក្សអេស្ប៉ាញខាងលើនេះក៏ទទួលបានការឯកភាពពីកីឡាករក្នុងការពន្យារពេលបើកប្រាក់ពលកម្ម (បើកយឺត) ក្នុងរង្វង់ទឹកប្រមាណ ៦០លានដុល្លារក្នុងរយៈពេល ៣ឆ្នាំទៅមុខទៀតផងដែរ។

អតីតក្រុមជើងឯក La Liga ចំនួន ២៦ដង FC Barcelona បានខាតបង់ទឹកប្រាក់ប្រមាណ ១១៦លានដុល្លារចាប់ពីដើមឆ្នាំ២០២០ គិតត្រឹមខែវិច្ឆិកានេះ នៅពេលដែលជំងឺ Covid-19 ផ្ទុះឡើងទូទាំងសកលោក ក្នុងចំណោមទំហំទឹកប្រាក់ដែលពួកគេរំពឹងទទួលបានរហូតដល់ទៅ ៥៨៣លានដុល្លារក្នុងរដូវកាលឆ្នាំ២០២០-២០២១។

គួររំលឹកផងថា កាលពីខែមីនា ឆ្នាំ២០២០ កន្លងទៅគ្រប់កីឡាករទាំងអស់របស់ក្លិប FC Barcelona បានព្រមព្រៀងកាត់ប្រាក់ពលកម្មរបស់ពួកគេរហូតដល់ទៅ ៧០% ចំពេលដែលជំងឺ Covid-19 ផ្ទះខ្លាំង ដើម្បីធានាបានបុគ្គលិកផ្សេងទៀត ទទួលបានប្រាក់ខែពេញ និងមិនបាត់បង់ការងារ៕