(ក្រុងឡុងដ៍)៖ លោក Sebastian Mensez ដែលជាជំនួយការគ្រូបង្វឹករបស់លោក Diego Maradona នៃក្លិប Gimnasia បានលាលែងពីតំណែងជាផ្លូវការហើយ បន្ទាប់ពីគ្រូបង្គោលលោក Maradona ទទួលបានមរណភាពបាន ៣ថ្ងៃ ដោយសារជំងឺបេះដូង។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្លិប Gimnasia ដែលត្រូវបានដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹង «វាគឺជាការសម្រេចចិត្តដែលយើងបានយល់ច្បាស់ និងបង្ហាញពីភាពជាមនុស្សរបស់ក្រុម ដែលបានធ្វើការយ៉ាងល្អជាមួយលោក Diego Maradona»។
ជំនួយការគ្រូបង្វឹក លោក Sebastian Mendez បានដឹកនាំក្លិបចាប់តាំងពីលោក Maradona បានចូលមន្ទីរពេទ្យ ដើម្បីវះកាត់ខួរក្បាលកាលពីសប្តាហ៍ទី១ ខែវិច្ឆិកានេះ ហើយត្រូវបានរំពឹងថានឹងបន្តតំណែងពីលោក Maradona ដែលបានស្លាប់កាលពីថ្ងៃពុធ ដោយសារបញ្ហាបេះដូង។
ក្លិប Gimnasia នឹងវិលត្រឡប់ទៅចូលរួមប្រកួតវិញនៅថ្ងៃសៅរ៍ ក្នុងជំនួបជាមួយក្លិប Velez Sarsfield បើទោះបីជាកីឡាករ បានស្នើសុំឲ្យការប្រកួតនេះ លើកពេលក៏ដោយ៕