(ភ្នំពេញ)៖ ខ្សែភាពយន្ដឯកសារខ្មែរ-កាណាដា «ការរស់ឡើងវិញនៃក្បាច់គុនល្បុក្កតោ ឬ Surviving Bokator» បានឈ្នះពាន HONOURARY MENTION ក្នុងព្រឹត្តិការណ៍ជើងឯកភាពយន្ដកីឡាពិភពលោក WORLD FICTS CHALLENGE (World Championship of Cinema and Television in Sport Culture) នៅទីក្រុងមីលឡានណូ ប្រទេសអ៉ីតាលី។ នេះបើតាមការឲ្យដឹងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ព្រឹត្តិការណ៍ជើងឯកភាពយន្ដកីឡាពិភពលោកនេះ គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ (IOC) សហការជាមួយអង្គការ WORLD FICTS CHALLENGE តែងតែរៀបចំការប្រកួតភាពយន្ដអប់រំកីឡា និងវប្បធម៌រៀងរាល់ឆ្នាំដោយមានជាសមាជិកចំនួន ១១៦ប្រទេសឯណោះ។ ការប្រកួតចុងក្រោយខ្សែភាពឯកសាររបស់កម្ពុជាខាងលើ បានប្រជែងជាមួយខ្សែភាពយន្ដចំនួន ៩៧០ផ្សេងទៀត ដែលបានដាក់បញ្ចូលដោយមហោស្រពកីឡាអន្ដរជាតិចំនួន ២០។

ជាលទ្ធផលខ្សែភាពយន្ដ «ការរស់ឡើងវិញនៃក្បាច់គុនល្បុក្កតោ ឬ Surviving Bokator» បានឈ្នះពាន HONOURARY MENTION ក្នុងវិស័យកីឡា និងសង្គមដែលជាប្រភេទតម្លៃការអប់រំកីឡា និងវប្បធម៌។ ជ័យជម្នះក្នុងការប្រកួតមហោស្រពភាពយន្ដកីឡាពិភពលោកនេះ គឺជាមោទនភាពសម្រាប់ប្រជាជនម្ពុជា និងក្បាច់គុនអត្តសញ្ញាណជាតិខ្មែរ គឺក្បាច់គុនល្បុក្កតោ ដែលស្ដែងចេញពីការខិតខំរួបរួមគ្នា ដើម្បីលើកកម្ពស់វប្បធម៌ និងកីឡាប្រពៃណីកម្ពុជាទៅកាន់ឆាកអន្ដរជាតិ។ លោក វ៉ាត់ ចំរើន បន្ថែម។

លោក Enzo Capiello អគ្គលេខាធិការ FICTS បានសម្ដែងការសាទរចំពោះខ្សែភាពយន្ដ Surviving Bokator ដែលបានលើកកម្ពស់គុណតម្លៃជាវិជ្ជមាន សម្រាប់កីឡា និងវប្បធម៌ ស្របតាមបាវចនារបស់ខ្លួន ពិសេសអាចធ្វើឲ្យលេចធ្លោតាមរយៈការផលិតភាពយន្ដគួរឲ្យរំភើបពីប្រវត្តិប្រជាជនជាតិមួយ ដូចជាកម្ពុជា កំពុងតែបង្ហាញនូវអត្ដសញ្ញាណវប្បធម៌ និងមោទនភាពជាតិរបស់ខ្លួន។ នេះគឺជាបេតិកភណ្ឌមិនអាចកាត់ថ្លៃបាន សម្រាប់មនុស្សគ្រប់ជំនាន់ ហើយគួរតែអបអរ និងផ្សព្វផ្សាយឲ្យទៅជាផ្នែកមួយនៃប្រវត្តិសាស្ដ្រវប្បធម៌របស់មនុស្សជាតិ។

ដោយឡែកលោក Mark Bochsler ផលិតករភាពយន្ដ Surviving Bokator បានបង្ហាញនូវមោទនភាព និងបានគូសបញ្ជាក់ថា ខ្សែភាពយន្ដឯកសារនេះ មិនត្រឹមតែជាខ្សែភាពយន្ដប៉ុណ្ណោះទេ តែជាដំណើរដ៏អស្ចារ្យមួយនៃការរស់ឡើងវិញ នៃក្បាច់គុនអត្ដសញ្ញាណជាតិរបស់កម្ពុជា។ ហើយការទទួលពានរង្វាន់ជើងឯកពិភពលោកកម្រិត IOC នេះ គឺជាព្រឹត្តិការណ៍ដ៏មិនគួរឲ្យជឿមួយ។ ដូច្នេះលោកបានអរគុណ ចំពោះគណៈកម្មាធិការជ្រើសរើសពានរង្វាន់មហោស្រពភាពយន្ដ FICTS ដែលបានទទួលស្គាល់នូវសារសំខាន់នៃភាពយន្ដកីឡានេះ។

គួរបញ្ជាក់ថា ខ្សែភាពយន្ដ Surviving Bokator បានចាប់ផ្ដើមផលិតតាំងពីឆ្នាំ២០១០ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសកលអំពីក្បាច់គុនល្បុក្កតោ ដោយបង្ហាញពីការខិតខំប្រឹងប្រែងរបស់ប្រជាជនកម្ពុជា ក្នុងការស្ដារប្រពៃណីដែលស្ទើរតែបាត់បង់ក្នុងសម័យខ្មែរក្រហម ក្នុងទស្សវត្សឆ្នាំ១៩៧០។ ខ្សែភាពយន្ដនេះ ទទួលបានការគាំទ្រពី NOCC ដោយមានផលិតករជាជនជាតិកាណាដា គឺមាន Mark Bochsler និងលោកស្រី Sandra Leuba ហើយមានការចូលរួមផ្ទាល់ពីព្រឹទ្ធាចារ្យ និងកីឡាករ-កីឡាការិនីគុនល្បុក្កតោកម្ពុជា។

ខ្សែភាពយន្ដនេះបានចាប់យកដំណើររឿងផ្ទាល់របស់លោកគ្រូតា សាន គឹមស៊ាន ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដោយលោកបានតស៊ូស្ដារសិល្បៈក្បាច់គុនបុរាណខ្មែរនេះឡើងវិញ និងបន្ដអភិរក្ស សម្រាប់យុវជនជំនាន់ក្រោយ។ ក្រោយចំណាយពេលថតជាច្រើនឆ្នាំ Surviving Bokator បានចាប់ផ្ដើមចាក់បញ្ចាំងដំបូង នាឆ្នាំ២០១៨ នៅមហោស្រពភាពយន្ដអន្ដរជាតិកម្ពុជា និងមហោស្រពភាពយន្ដជុំវិញពិភពលោក ហើយបានដាក់ចូលរួមប្រកួត និងឈ្នះពានរង្វាន់ជាច្រើន មុនបន្ដឈ្នះពានកម្រិត IOC ខាងលើ៕