(ភ្នំពេញ)៖ ជាតារាបង្ហាញម៉ូដមានស្បែកសម្បុរពណ៌ទឹកឃ្មុំ ប្រាសាទ ដាវីន ក្រោយពីបាត់ដំណឹងស្ទើរសូន្យឈឹង ពីវិស័យសិល្បៈ នៅក្នុងប្រទេសកម្ពុជារួចមក ថ្មីៗនេះទស្សនិកជន បានបង្ហាញការចាប់អារម្មណ៍ជាថ្មី បន្ទាប់ពីស្ងាត់ៗ ស្រាប់តែនាងទម្លាយសារក្នុងបណ្ដាញសង្គមពីក្រៅប្រទេស ហាក់បង្ហាញពីអត្តចរិតរបស់មនុស្សសម័យថ្មី ដែលហ៊ានធ្វើអ្វីៗទាំងអស់ ដើម្បីតែលាភសក្ការៈ បុណ្យស័ក្តិ ធ្វើឲ្យការរស់នៅក្នុងសង្គមគ្មានតម្លៃជាមនុស្ស និងភាពថ្លៃថ្នូរ។
តារាបង្ហាញម៉ូដ ប្រាសាទ ដាវីន បានបញ្ចេញអត្ថន័យគួរឲ្យចាប់អារម្មណ៍នេះ ក្នុងហ្វេសប៊ុកផ្ទាល់ខ្លូននាងថា «ដោយសារតែការលោភលន់ងប់ងល់ ជាមួយឋានៈបុណ្យស័ក្កិ លុយឡានសម្ភារៈនិយម ហើយនិងឈ្លក់វង្វេងជាមួយនឹងភាពល្បីល្បាញ ទាមទារការចាប់អារម្មណ៍ពីអ្នកដទៃ សម្ដែងជាតួកំសត់ឲ្យគេអាណិត. អ្នកខ្លះក៏ហ៊ានធ្វើអ្វីៗគ្រប់យ៉ាង សូម្បីតែលក់ឧត្តមគតិខ្លួនឯង ប្រឌិតរឿងមិនពិត កុហកអ្នកជុំវិញខ្លួន សំខាន់គឺកុហកខ្លួនឯង មនុស្សមួយចំនួននេះ ត្រូវរស់នៅក្នុងភាពសម្ដែង និងសុភមង្គលក្លែងក្លាយអស់មួយជីវិត។ ខ្ញុំសុំរស់នៅជាខ្ញុំ មានសេរីភាព សប្បាយចិត្តនូវអ្វីដែលខ្ញុំមាន..!»។
ប្រាសាទ ដាវីន គឺជាតារាសម្ដែង និងជាតារាម៉ូដែលស្រីមួយដួង មានទេពកោសល្យពិតពីធម្មជាតិ និងមានរូបសម្រស់ស្រស់ស្អាតមិនធម្មតា ដោយនាងមានសម្បុរពណ៌ទឹកឃ្មុំ ដែលកម្រមាននារីណា មានសម្រស់ធម្មជាតិស្អាតដូចជារូបនាង។ តារារូបនេះ សឹងតែត្រូវបានទស្សនិកជនភ្លេចមុខបាត់ទៅហើយ ដោយសារតែបានភៀសខ្លួន ទៅរស់នៅប្រទេសអូស្រ្ដាលី បន្ទាប់ពីមានជនអនាមិក បានគំរាមយកគ្រាប់បែកទៅដាក់ក្នុងផ្ទះនាង កាលដែលនាងចេញទៅសម្ដែងនៅប្រទេសបារាំង។ យ៉ាងណាមិញ ទោះត្រូវឃ្លាតឆ្ងាយពីពិភពសិល្បៈមួយរយៈធំក៏ដោយ ប៉ុន្ដែកាលពីឆ្នាំ២០១៦ កន្លងទៅ គេក៏ឃើញ ប្រាសាទ ដាវីន មានវត្តមានក្នុងវិស័យសិល្បៈខ្មែរឡើងវិញ។
តារាសម្ដែង និងបង្ហាញម៉ូដ ប្រាសាទ ដាវីន បានចូលប្រឡូកក្នុងវិថីសិល្បៈតាមរយៈការប្រឡង Freshie girl ក្នុងឆ្នាំ២០០៥ ជំនាន់ទី៤ ដោយពេលនោះនាងមានវ័យ១៧ឆ្នាំ និងបានទទួលចំណាត់ថ្នាក់លេខ៣ ជាមួយរូបរាងដ៏ខ្ពស់ស្រឡះ កំពស់ ១,៧៥ ម៉ែត្រ។
សូមបញ្ជាក់ថា អតីតតារាម៉ូដែលល្បីឈ្មោះ ប្រាសាទ ដាវីន បានចាកចេញពីប្រទេសកម្ពុជា ដើម្បីទៅរស់នៅអូស្ត្រាលី និងមានប្ដី មានកូន សាងគ្រួសារយ៉ាងមានក្ដីសុខនៅទីនោះ។ យូរៗម្ដងទើបគេបានឃើញតារាម៉ូដែលរូបនេះ មកលេងប្រទេសកំណើតរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែនាងមិនបានចូលសម្ដែង ឬបង្ហាញម៉ូដឲ្យជាប់លាប់ដូចមុនទៀតឡើយ៕