(ភ្នំពេញ)៖ គម្រោងខុនដូ ខេស៊ី (KC Condo) ស្ថិតនៅភូមិចំការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ បានបើកលក់ជាផ្លូវការហើយ នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ។ ក្នុងឱកាសនោះ លោកឧកញ៉ា ឃិត ឈឿន ម្ចាស់គម្រោងខុនដូផ្ទាល់ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់សិទ្ធលក់ផ្ដាច់មុខជាមួយលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia និងជាអគ្គនាយកក្រុមហ៊ុន KW Khmer Real Estate ផងដែរ ។
លោកឧកញ៉ា ឃិត ឈឿន បានមានប្រសាសថា គម្រោងខុនដូ ខេស៊ី នេះ មានកម្ពស់ ១៥ជាន ស្មើនឹង ១១៦បន្ទប់ជាមួយការបំពាក់បរិក្ខាទំនើបៗ ដែលនាំចូលពីបរទេស ។ លោករំពឹងថា គម្រោងនេះ នឹងទទួលបានការគាំទ្រច្រើនពីអតិថិជន ព្រោះគម្រោងស្ថិតនៅតំបន់មានការអភិវឌ្ឍន៍ខ្លាំង និងមានគម្រោងធំៗជាច្រើន ។ ម្យ៉ាងដោយមានកិច្ចសហការជាមួយក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី KW Cambodia និង KW Khmer Real Estate ផង នឹងធ្វើឲ្យគម្រោងរបស់ខ្លួនលក់ដាច់កាន់តែលឿន ។
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានគូសបញ្ជាក់ថា ពីមុនតំបន់ខាងលើ គឺជាបឹងចញ្ចឹមទា តែឥលូវជាតំបន់ដាំត្បូង ដោយតម្លៃអចលនទ្រព្យតំបន់នេះ មានការកើនឡើងស្ទើរមិនគួរឲ្យជឿ ។ កត្ដានេះហើយ ដែលធ្វើឲ្យលោករីករាយក្នុងការសហការ និងទទួលសិទ្ធលក់ផ្ដាច់មុខគម្រោងខុនដូ ខេស៊ី ដែលជាគម្រោងដ៏ច្បាស់លាស់ និងផ្ដល់ភាពកក់ក្ដៅដល់អតិថិជន ពិសេសលោកផ្ដោតលើអតិថិជនក្នុងស្រុក ដែលកំពុងនិយមរស់នៅខុនដូបែបទាន់សម័យនាពេលបច្ចុប្បន្ន ។
លោកបន្ដថា «ឥលូវយើងកំពុងសាង់ជាន់ទី១១ យើងលក់មួយបន្ទប់គេងក្បែរ ៤ម៉ឺនដុល្លារ និង ២បន្ទប់គេងជាង ៦ម៉ឺនដុល្លារ ប៉ុន្ដែខ្ញុំមើលទៅ រយៈពេល ១ឆ្នាំកន្លះទៀត ពេលខុនដូយើងសាងសង់រួចហើយ តម្លៃវានឹងឡើងពី ៣០% ទៅ ៤០% ព្រោះជាតំបន់មានសក្ដានុពល នៅក្បែរព្រលាន ផ្លូវល្បឿនលឿន ហើយមានគម្រោងធំៗជាច្រើនទៀត ។ ប៉ុន្ដែគម្រោងខុនដូ ខេស៊ី នេះ ខ្ញុំផ្ដោតអារម្មណ៍ខ្លាំងទៅលើអ្នកទិញក្នុងស្រុក គឺយើងលក់ឲ្យខ្មែរក្នុងស្រុកច្រើនជាង» ។
គួរបញ្ជាក់ថា ខុនដូ ខេស៊ី គឺមានតម្លៃចាប់ពី ៣៩,០០០ដុល្លារ សម្រាប់ ១បន្ទប់គេង រហូតដល់ជាង ៦៤,០០០ដុល្លារ សម្រាប់ ២បន្ទប់គេង ។ ទន្ទឹមជាមួយគ្នា ក្រុមហ៊ុនបានផ្ដល់នូវលក្ខខណ្ឌជាច្រើន ក្នុងការបង់ផ្ដាច់ និងបង់រំលោះ ដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជន ។ ព័ត៌មានលម្អិតទាក់ទងលេខ៖ ០៧៧ ២២២ ៧៦៦ ៕