(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានប្រកាសលើកពេល នៃទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិអង្គរ លើកទី២៥ នៅខេត្តសៀមរាប ដែលគ្រោងប្រព្រឹត្តទៅនាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ ខាងមុខហើយ បន្ទាប់ពីមានករណីឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍លើកដំបូង ដែលរកឃើញក្នុងក្រុមគ្រួសាររបស់អគ្គនាយកពន្ធធនាគារ កាលពីថ្ងៃទី២៨ ខែវិច្ឆិកាម្សិលមិញ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានឲ្យដឹងនៅព្រឹកថ្ងៃអាទិត្យនេះថា «ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ នៅខេត្តសៀមរាប នៅថ្ងៃទី០៦-ធ្នូ ត្រូវបានលើកពេលទៅថ្ងៃក្រោយហើយ ដោយសារការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍លើកទី១ ។ ដើម្បីចៀសវាងនូវហានិភ័យនេះ គណៈកម្មការរៀបចំ និងឯកឧត្តមបណ្ឌិត ថោង ខុន បានសម្រេចក្នុងការលើកពេក ទម្រាំដល់ពេលស្ងប់ស្ងាត់វិញ យើងនឹងផ្ដល់ព័ត៌មានតាមក្រោយ»

លោកបន្ដថា «ហេតុនេះ យើងសូមអំពាវនាវ និងសូមអភ័យទោស ចំពោះអ្នកចុះឈ្មោះរត់ទាំងអស់ ដែលត្រៀមរត់នៅថ្ងៃអាទិត្យ ទី៦ ខែធ្នូហ្នឹង សូមមេត្ដាជ្រាប និងចូលរួមទប់ស្កាត់ការរីករាលដាលចូលសហគមន៍ នៃជំងឺកូវីដ-១៩ ទាំងអស់គ្នា ។ ចឹងសូមឲ្យគណៈកម្មការរៀបចំ អាជ្ញាធរអប្សរា និងអាជ្ញាធរខេត្តសៀមរាបទាំងអស់ជ្រាបព័ត៌មាន»

សូមបញ្ជាក់ថា កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ជាលើកដំបូង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ-១៩ លើក្រុមគ្រួសារអគ្គនាយកពន្ធនាគារកម្ពុជា រួមនឹងអ្នករស់នៅជាមួយសរុប ៦នាក់។ លើសពីនេះ ភរិយារបស់លោក ឆែម សាវុធ អគ្គនាយកពន្ធនាគារកម្ពុជា ដែលផ្ទុកមេរោគកូវីដ-១៩ ក៏ទើបធ្វើដំណើរមកពីខេត្តសៀមរាបដែរ ។

ជាវិធានការទប់ស្កាត់ការរីកសាយភាយ ឬការចម្លងកាន់តែខ្លាំង រាជរដ្ឋាភិបាល បានដាក់ចេញវិធានការបន្ទាន់មួយចំនួន ដូចជាការបិទផ្សារទំនើបអ៊ីអន ១ និងការតម្រូវឱ្យអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលដែលរួមមានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលផងនោះ ចាប់ផ្តើមធ្វើចត្តាឡីស័ក និងយកសំណាកពិនិត្យរកមេរោគ។

ក្រសួងសុខាភិបាល បានអំពាវនាវដល់អ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍នេះ នាំគ្នាទៅយកសំណាកពិនិត្យរកមេរោគ ក្នុងនោះប្រជាពលរដ្ឋធម្មតា ទៅកាន់ផ្សារទំនើបអ៊ីអន ១ សម្រាប់មន្ត្រីរាជការត្រូវយកសំណាក នៅទីស្តីការក្រសួងមហាផ្ទៃ។

គិតមកដល់ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងកើតជំងឺកូវីដ១៩ សរុប ៣១៥នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ៣០១នាក់ និងកំពុងសម្រាកព្យាបាល ១៤នាក់៕