(ភ្នំពេញ)៖ កញ្ញា សំណាង អេលីណា គឺជាកញ្ញាឯកចក្រវាឡ ឆ្នាំ២០១៩ ដែលធ្លាប់ទៅបង្ហាញសមត្ថភាពលើឆាកអន្តរជាតិក្នុងកម្មវិធី «Miss Universe» ២០១៩។ យ៉ាងណាមិញ គេសង្កេតឃើញថា បេក្ខនារីជំនាន់ក្រោយ ក្នុងកម្មវិធីប្រកួតកម្មវិធីនេះ សម្រាប់ឆ្នាំ២០២០ គឺសុទ្ធសឹងតែជាអ្នកមានរូបសម្រស់ស្អាតៗ ទេពកោសល្យដើរម៉ូត ជាពិសេសគឺសមត្ថភាពភាសាអង់គ្លេសខ្លាំងតែម្តង។ ទន្ទឹមគ្នានេះ ក្នុងនាមជាកញ្ញាឯករៀមច្បង នាងពិតជាមានមោទនភាពយ៉ាងខ្លាំង ជាពិសសចំពោះម្ចាស់ជ័យលាភី «Miss Universe» ២០២០ ដែលបានទៅលើកញ្ញា រ៉េត សារីតា។

ជាក់ស្តែង តាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» កញ្ញា សំណាង អេលីណា ហាក់បង្ហាញក្តីរីករាយយ៉ាងខ្លាំង ក្នុងការចែករំលែកបទពិសោធក្នុងនាមកញ្ញាឯកចក្រវាឡឆ្នាំ២០១៩ ទៅកាន់មហាជន និងការងារថ្មីៗដែលនាងទើបតែទទួលបាននាពេលថ្មីៗនេះ គឺការចូលរួមសម្តែងរឿងភាគលើកដំបូង ក្នុងពិភពភាពយន្ត ដោយបានសម្តែងជាតួអង្គឯក កូននាងរៀម ក្នុងរឿងរបស់ផលិតករជើងចាស់ល្បីឈ្មោះ ពាន់ ភួង បុប្ផា «ស្នាមស្នេហ៍សមុទ្ររាម» វគ្គ២។

ពាក់ព័ន្ធទៅនឹងកម្មវិធី «Miss Universe» ២០២០ កញ្ញា សំណាង អេលីណា បាននិយាយក្នុងកម្មវិធីខាងលើថា បានបង្ហាញថា «ឃើញថាសម្រាប់ Miss Univers ឆ្នាំ២០២០ គឺពួកគាត់សុទ្ធតែអ្នកដែលមានរូបសម្រស់ ក៏ដូចជាមានចំណេះដឹងច្រើន ជាពិសេសពួកគាត់ សុទ្ធតែអាចនិយាយភាសាអង់គ្លេសបានច្រើនសឹងតែទាំងអស់គ្នា។ សម្រាប់នាងខ្ញុំផ្ទាល់ មានអារម្មណ៍ថាសប្បាយចិត្ត និងមានមោទនភាពខ្លាំង សម្រាប់ស្ត្រីកម្ពុជារបស់យើង ដែលគាត់មានឆន្ទៈ មានទាំងសម្រស់ ហើយសំខាន់គាត់ចូលមកក្នុងកម្មវិធីនេះ មានន័យថាគាត់មានចំណុចមួយផ្នែក ដែលលើកស្ទួយសង្គម លើកស្ទួយវិស័យសិល្បៈនៅក្នុងសង្គមរបស់យើងបានទៀត។ អ្វីដែលមានមោទនភាពខ្លាំងនោះ រាល់បេក្ខនារីសុទ្ធតែមានទំនុកចិត្តខ្លាំងមែនទែន អាចនិយាយបានថា ពេលដែលគាត់ទៅប្រឡងនៅក្រៅប្រទេស គាត់អាចយកប្រទេសកម្ពុជារបស់យើងទៅផ្សព្វផ្សាយឲ្យពិភពលោកស្គាល់កាន់តែច្បាស់»

ជាការកត់សម្គាល់ ម្ចាស់ជ័យលាភី «Miss Universe» ២០២០ ត្រូវបានគេដឹងថា បានទៅលើកញ្ញា រ៉េត សារីតា ដោយនាងបាន បង្ហាញភាពយ៉ាងលេចធ្លោរបស់ខ្លួន គ្រប់វគ្គ ទាំងអស់តាមរយៈភាពស្វាហាប់ការជឿជាក់ និង ចំណេះដឹងទូទៅទូលំទូលាយ។ កត្តាទាំងនេះ គឺបានបង្តើតភាពទាក់ទាញមួយផ្នែកធំ សម្រាប់ទស្សនិកជន ជាពិសសគឺគណៈកម្មការក្នុងកម្មវិធី ខណៈប្រិយមិត្តដែលទស្សនាកម្មវិធី នេះសុទ្ធតែសរសើរសារីតាថា នាងពិតល្អឥតខ្ចោះល្អទាំងព្រម ទាំងរូបសម្រស់ សាកសមជានារីខ្មែរចំណេះដឹងទូទៅ ទូលំទូលាយក្លាហាន មានភាពជឿជាក់ខ្លាំងព្រមទាំងមានសមត្ថភាព ប្រើប្រាស់ភាសាអង់គ្លេស ល្អបំផុត។

ហេតុនេះហើយ ក្នុងនាមជាកញ្ញាឯកចក្រវាឡរាមច្បង ពេលឃើញម្ចាស់ជ័យលាភី «Miss Universe» ២០២០ ពោរពេញដោយសមត្ថភាព និងទំនុកចិត្តខ្ពស់បែបនេះ សំណាង អេលីណា ពិតជាមានមោទនភាពយ៉ាងខ្លាំង។ ទន្ទឹមគ្នានេះ នាងក៏បានចែករំលែកនូវបទពិសោធជាច្រើន ក្នុងការឡើងទៅបង្ហាញសមត្ថភាបលើឆាកអន្តរជាតិ។

ងាកមករឿងរ៉ាវសិល្បៈវិញ កញ្ញាឯកចក្រវាឡ ឆ្នាំ២០១៩ កញ្ញា សំណាង អេលីណា ថា ដោយសារតែឃើញថា រឿង «ស្នាមស្នេហ៍សមុទ្ររាម» វគ្គ២ គឺជាស្នាដៃចុងក្រោយរបស់លោកស្រី ពាន់ ភួងបុប្ផា ទើបធ្វើឲ្យនាងសម្រេចចិត្តចូលសម្តែង ដោយដើរតួជាកូននាង រាម មានឈ្មោះថា នីរ័ត្ន។ អេលីណា ថានេះជាលើកទី១ ដែលនាងបានចូលរួមសម្តែងរឿងភាគ។ នាងថា រឿងទី១នេះ នឹងព្យាយាមសម្តែងឲ្យបានល្អ ដើម្បីកុំឲ្យមហាជនខកបំណង។

ងាកមករឿងស្នេហាវិញ ឆ្លើយតបនឹងការសាកសួររបស់ពិធីករក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» កញ្ញា សំណាង អេលីណា ថា រឿងស្នេហាមិនទាន់គិតគូនោះទេ ព្រោះថាបច្ចុប្បន្នមមាញឹកនឹងការងារ ហើយខ្លួននៅក្មេងផងនោះ។ នាងសង្កត់ធ្ងន់ថា កាលណាដែលមានស្នេហា គឺនឹងគ្មានពេលវេលាគ្រប់គ្រាន់ដល់ដៃគូឡើយ៕