(បរទេស)៖ មនុស្សភាគច្រើនប្រហែលជាសុទ្ធតែបានស្គាល់ហើយនូវបណ្តាញទូរទស្សន៍ព័ត៌មានដ៏ធំមួយរបស់សហរដ្ឋអាមេរិក គឺទូរទស្សន៍ CNN ដែលល្បីខាងផ្សាយព័ត៌មានទាន់ហេតុការណ៍នានានៅជុំវិញសកលលោក។

នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ១៩៨០ CNN ដែលមានឈ្មោះពេញថា Cable News Network បានចាប់ផ្តើមធ្វើប្រតិបត្តិការជាលើកដំបូង ក្នុងនាមជាប៉ុស្តិ៍ទូរទស្សន៍ព័ត៌មាន ២៤ ម៉ោងមុនគេបង្អស់នៅលើសកលលោក។ បណ្តាញទូរទស្សន៍ព័ត៌មាន CNN បានផ្លាស់ប្តូរផ្នត់គំនិត ដែលថាព័ត៌មានអាចត្រូវរាយការណ៍បានតែក្នុងចន្លោះម៉ោងជាក់លាក់ណាមួយប៉ុណ្ណោះ តាមរយៈការផ្សាយបែប ២៤ ម៉ោងខុសប្លែកពីគេរបស់ខ្លួន។

នៅពេលដែល CNN បើកដំណើរការផ្សាយព័ត៌មានដំបូងលើកញ្ចក់ទូរទស្សន៍នៅសហរដ្ឋអាមេរិក គឺស្ថិតក្រោមការគ្របដណ្តប់របស់បណ្តាញទូរទស្សន៍យក្សចំនួន ៣ រួមមាន ABC (American Broadcasting Company) CBS និង NBC (National Broadcasting Company) ជាមួយការផ្សាយកម្មវិធីព័ត៌មាន រយៈពេលតែប្រមាណ៣០នាទីប៉ុណ្ណោះ ជារៀងរាល់យប់។

CNN គឺជាគំនិតផ្តួចផ្តើមរបស់អ្នកជំនួញផ្នែកប្រព័ន្ធផ្សព្វផ្សាយអាមេរិកម្នាក់ គឺលោក ថេដ ធើនណឺ (Ted Turner)។ អំលុងឆ្នាំដំបូងៗនៃការធ្វើប្រតិបត្តិការ CNN បានទទួលរងការខាតបង់ និងត្រូវបានគេមើលស្រាល ដោយហៅថា Chicken Noodle Network ជាដើម។ ទោះជាបែបនេះក្តី លោក Turner នៅតែបន្តពុះពារពង្រីកបណ្តាញទូរទស្សន៍ព័ត៌មាន ២៤ ម៉ោងរបស់លោក។

គួរជម្រាបថា CNN បានទទួលសន្ទុះអ្នកទស្សនាខ្លាំងដំបូង តាមរយៈការផ្សាយផ្ទាល់នូវព្រឹត្តិការណ៍សង្រ្គាមឈូងសមុទ្រពែក្សនៅឆ្នាំ១៩៩១ ហើយបានកសាងកេរ្តិ៍ឈ្មោះកាន់តែល្បីល្បាញខាងផ្សាយព័ត៌មានទាន់ហេតុការណ៍នានា មិនថានៅក្នុងប្រទេស ឬក៏ក្រៅប្រទេសឡើយ។ មកទល់សព្វថ្ងៃនេះ CNN មានអ្នកតាមដានរាប់រយលាននាក់នៅលើកញ្ចក់ទូរទស្សន៍ និងនៅលើវែបសាយ ហើយមានការិយាល័យ និងទីស្នាក់ការ ព្រមទាំងដៃគូសហការនៅតាមតំបន់ ក៏ដូចជាប្រទេសជាច្រើនជុំវិញពិភពលោក៕