(ភ្នំពេញ)៖ លោក អ៊ុក សិទ្ធិជាតិ ប្រធានសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត បានចាត់ទុកគុណផលកីឡា នៃការប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ គឺមានការកើនឡើងជាងឆ្នាំមុនៗ តែមិនទាន់ដល់កម្រិតស៊ីហ្គេមនោះទេ ។ ហេតុនេះ កីឡាករ-កីឡាការិនី និងគ្រប់សមាគម/ក្លិប ត្រូវបន្ដខំប្រឹងបន្ថែមទៀត ដើម្បីឆ្ពោះទៅដណ្ដើមមេដាយស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។
ការថ្លែងបែបនេះ បានធ្វើឡើងក្នុងពិធីបិទការប្រកួតជើងឯកជាតិ ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិ កាលពីល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ម្សិលមិញ បន្ទាប់ពីប្រកួតអស់រយៈពេល ៣ថ្ងៃ ដោយលទ្ធផលក្រុមក្រសួងការពារជាតិ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ១៦គ្រឿង មេដាយមាស ១១ និងប្រាក់ ៥ តាមពីក្រោយដោយក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយសរុប ១១គ្រឿង មេដាយមាស៥, ប្រាក់ ២ និងសំរឹទ្ធ៥។
លោកបន្ដថា «ពាក់ព័ន្ធជាមួយនឹងគុណផលកីឡា ដែលយើងទើបទទួលបានពីប្រកួតថ្ងៃនេះ ឃើញថាវាមានការរីកចម្រើន បើយើងធៀបទៅនឹងឆ្នាំ២០១៩ ប៉ុន្ដែបើសិនយើងធៀបទៅនឹងលទ្ធផលកាលស៊ីហ្គេម ឆ្នាំ២០១៩ គឺយើងមិនទាន់ឈានទៅដល់គុណផលស៊ីហ្គេមនៅឡើយទេ» ។ ដូច្នេះលោកបានសំណូមពរឲ្យគ្រប់ភាគីពាក់ព័ន្ធ ពិសេសកីឡាករ-កីឡាការិនី ត្រូវបង្កើនការខំប្រឹង ដើម្បីឈានដល់កម្រិតស៊ីហ្គេម និងជឿជាក់ក្នុងការដណ្ដើមមេដាយជូនជាតិ ស្របតាមសន្ទស្សន៍មេដាយរបស់ CAMSOC ឲ្យដាក់សហព័ន្ធជាតិនានា។
ដោយសារពេលវេលាត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅសល់តែជាង ៨៧០ថ្ងៃទៀត ហេតុនេះការងារចំពោះមុខ ដែលសហព័ន្ធត្រូវធ្វើ ទី១-គឺការបណ្តុះបណ្តាលកីឡាករ-កីឡាការិនី ដើម្បីដណ្ដើមយកមេដាយ ហើយទី២-បណ្តុះបណ្តាលមន្ត្រីជំនាញបច្ចេកទេស ដើម្បីបម្រើដល់ការកាត់សេចក្តីការប្រកួតអត្តពលកម្មស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកិច្ចការទាំងអស់នេះ សហព័ន្ធកំពុងធ្វើជាបណ្តើរៗ ស្របតាមកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា និងផែនការសហព័ន្ធរបស់ខ្លួន។ លោក អ៊ុក សិទ្ធិជាតិ បន្ថែម។
គួរបញ្ជាក់ថា កីឡាអត្តពលកម្ម គឺជាប្រភេទកីឡាដ៏មានឥទ្ធិពលមួយក្នុងការដណ្ដើមមេដាយ ដ្បិតប្រភេទកីឡានេះមានរហូតដល់ទៅ ៤៧វិញ្ញាសា ។ ប៉ុន្ដែបច្ចុប្បន្ន សហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត ទើបត្រៀមបាន ២៤វិញ្ញាសា ឬស្មើនឹង ៥០% ប៉ុណ្ណោះ ។ ដូច្នេះសល់រយៈពេលជាង ២ឆ្នាំទៀត សហព័ន្ធបានប្ដេជ្ញានឹងខំប្រឹងពង្រីកវិញ្ញាសាឲ្យស្របតាមស្ដង់ដារអន្ដរជាតិ ខណៈសន្ទស្សន៍មេដាយ ដែល CAMSOC បានដាក់ឲ្យសហព័ន្ធនៅ SEA Games 2023 គឺត្រូវដណ្ដើមមេដាយមាសឲ្យបានយ៉ាងតិច ៣គ្រឿង៕