(តូក្យូ)៖ គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍អូឡាំពិកនិងប៉ារ៉ាឡាំពិកទីក្រុងតូក្យូ បានប៉ាន់ប្រមាណឃើញថា ការពន្យារពេលព្រឹត្តិការណ៍ប្រកួតកីឡាលក្ខណៈអន្តរជាតិនេះ ទៅកាន់រដូវក្តៅឆ្នាំក្រោយ នឹងតម្រូវឲ្យមានការចំណាយខ្ទង់២០០ពាន់លានយេន ឬស្មើនឹងជាង១.៩ពាន់លានដុល្លារអាមេរិកបន្ថែមទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Business Times នៅថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។

បើតាមសារព័ត៌មានជប៉ុនផ្ទាល់ យ៉ូមីអ៊ូរី (Yomiuri) គណៈកម្មាធិការខាងលើនឹងបើកការពិភាក្សាជាមួយរដ្ឋាភិបាលជប៉ុន និងរដ្ឋបាលទីក្រុងតូក្យូ ហើយសម្រេចនៅខែក្រោយនេះថា តើគួរតែបែងចែកការចំណាយដោយរបៀបណា។ យោងតាមប្រភពដដែល ពីដំបូងឡើយសមាជិកនៃគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ បានសម្តែងក្តីបារម្ភថា ការចំណាយបន្ថែមពាក់ព័ន្ធនឹងការពន្យារពេលព្រឹត្តិការណ៍ អាចនឹងឡើងដល់៣០០ពាន់លានយេន ឬស្មើនឹងជិត៣ពាន់លានដុល្លារ។

ប៉ុន្តែក្រោយមកក៏មានការព្រមព្រៀងគ្នាជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ កាត់បន្ថយភាពស្មុគស្មាញនៃព្រឹត្តិការណ៍អួឡាំពិកនិងប៉ារ៉ាឡាំពិកទីក្រុងតូក្យូ ដើម្បីសន្សំសំចៃថវិកា។ ដោយឡែកថវិកាដែលត្រូវចំណាយបន្ថែមនេះ មិនរាប់បញ្ចូលនូវចំណាត់ការនានា ដើម្បីប្រឆាំងនឹងការរាតត្បាតនៃជំងឺ COVID-19 ទេ ដោយសារចំណាត់ការទាំងនោះគឺជាបន្ទុករបស់រដ្ឋាភិបាលជប៉ុនជាចម្បង។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍អូឡាំពិកនិងប៉ារ៉ាឡាំពិកទីក្រុងតូក្យូ ត្រូវបានពន្យារពេល១ឆ្នាំ ដោយសារការឆ្លងរាលដាលពាសពេញពិភពលោកនៃជំងឺ COVID-19។ សម្រាប់ព្រឹត្តិការណ៍អូឡាំពិក នឹងត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែកក្កដា-ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ រីព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក នឹងត្រូវរៀបចំឡើងពីថ្ងៃទី២៤ ខែសីហា-ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១៕