(ភ្នំពេញ)៖ ជាផ្នែកមួយនៃបេសកម្ម ក្នុងការដាក់សេវាកម្មបម្រើអតិថិជនជាប្រព័ន្ធឌីជីថល ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (CBC) បានបង្កើតកម្មវិធីទូរស័ព្ទដៃមួយ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាច ពិនិត្យពិន្ទុឥណទានរបស់ខ្លួន អានរបាយការណ៍ឥណទាន និង ទទួលបានសារដាស់តឿនអំពីការត្រួតពិនិត្យឥណទាន។

នេះជាលើកដំបូងបំផុតដែល ប្រទេសកម្ពុជានឹងមានវេទិកាប្រព័ន្ធឌីជីថល បែបរួមបញ្ចូលមួយ ដែលជំរុញអោយមានពិនិត្យសុខភាពហិរញ្ញវត្ថុ ការត្រួតពិនិត្យឥណទាន និងអក្ខរកម្មហិរញ្ញវត្ថុ។

ជាមួយនឹងកម្មវិធីទូរស័ព្ទ «CBC Mobile» ក្រុមហ៊ុន CBC កំពុងព្យាយាមបំពេញអ្វីដែលកំពុងមានចន្លោះក្នុងវិស័យ ផ្នែកហិរញ្ញវត្ថុ និងឥណទានដែលកំពុង តែកើនឡើងនៅក្នុងប្រទេសកម្ពុជា។ បន្ទាប់ពីចុះឈ្មោះនៅក្នុងកម្មវិធី នេះដែលមានលើប្រព័ន្ធ iOS និង Android អ្នកប្រើប្រាស់ ដែលមានប្រវត្តិខាងធ្វើការកម្ចីអាចពិនិត្យពិន្ទុឥណទានរបស់ខ្លួន អានរបាយការឥណទាន និង ទទួលបាននូវទទួលបានសារដាស់តឿន អំពីការត្រួតពិនិត្យឥណទានភា្លមៗ។

ប្រធាននាយកប្រិត្តិបត្តិ ក្រុមហ៊ុន CBC លោក អឿ សុធារ័ត្ន បានលើកឡើងថា «ការផ្តល់ជូនប្រជាជនកម្ពុជា នូវចំណេះដឹងនៃពត៌មានខាងឥណទាន ដែលមានភាពសុក្រឹត្យ និងទាន់ពេលវេលា គឺជាជំហានមួយដ៏សំខាន់ក្នុងការវិវឌ្ឍន៍ និងពង្រឹងវិស័យហិរញ្ញវត្ថុនៅប្រទេសកម្ពុជា»

លោកបានបន្តថា របាយការណ៍ត្រីមាសចុងក្រោយបំផុតរបស់យើង បានបង្ហាញថាកម្ចីទិញផ្ទះកើនឡើងដល់១៨ភាគរយ ចាប់តាំងពីចុងឆ្នាំ២០១៩ រហូតដល់ ៤.៧ ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅចុងខែកញ្ញានាឆ្នាំនេះ។ ដូច្នេះហើយ យើងត្រូវប្រាកដថា នៅពេលដែលប្រជាជនកម្ពុជា កាន់តែច្រើនទទួលបានភាពចល័តខាងសេដ្ឋកិច្ច និងការខ្ចីប្រាក់កាន់តែច្រើន ដើម្បីបង្កើនផលប័ត្រទ្រព្យសម្បត្តិ ពួកគេក៏ត្រូវបានផ្តល់ជូន នូវឧបករណ៍ ដើម្បីគ្រប់គ្រងឥណទានរបស់ពួកគេ ដែលប្រកបដោយទំនួលខុសត្រូវខ្ពស់ ក្នុងការសងប្រាក់កម្ចី។ កម្មវិធីទូរស័ព្ទ CBC មានតួនាទីជំរុញការរីកចម្រើន ប្រកបដោយស្ថេរភាព និងចីរភាពតាមរយៈតម្លាភាព។

ដើម្បីធ្វើការចុះឈ្មោះ អ្នកប្រើប្រាស់អាចទាញយកកម្មវិធីនេះមក រួចធ្វើការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ខ្លួន តាមរយៈនីតិវិធីធម្មតាមួយ។ បន្ទាប់មកពួកគេអាចទទួលបាន នូវសេវាកម្មជាច្រើនរបស់កម្មវិធីទូរស័ព្ទដៃនេះ ដែលរួមមាន «របាយការណ៍ខ្ញុំ» ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាច ស្នើសុំរបាយការណ៍ឥណទាន របស់ពួកគេគ្រប់ពេលវេលា និងគ្រប់ទីកន្លែង និងព្រមទាំងតាមដានប្រវត្តិឥណទាន របស់ពួកគេជាមួយស្ថាប័នហិរញ្ញវត្ថុទាំងអស់ផងដែរ។ ជាមួយនឹងសេវាកម្ម «តាមដានឥណទានរបស់ខ្ញុំ» អ្នកប្រើប្រាស់អាចទទួលការជូនដំណឹងជាសារ តាមពេលវេលាជាក់ស្តែងទៅលើសកម្មភាពប្រាក់កម្ចី

របស់ពួកគេដូចជា ការស្នើសុំធ្វើប្រាក់កម្ចីថ្មី ការទូទាត់ប្រាក់ទាន់ពេលវេលា និងការខកខាននៃការបង់ប្រាក់ជាដើម។

លើសពីនេះទៀតជាមួយ K-Score អ្នកប្រើប្រាស់អាចធ្វើការត្រួតពិនិត្យពិន្ទុឥណទានរបស់ពួកគេបានដោយផ្ទាល់ ដើម្បីជាភាពងាយស្រួលសម្រាប់ពួកគេ ក្នុងការវាស់សក្តានុភាពនៃហានិភ័យឥណទាន និងលទ្ធភាពនៃការមិនបង់ប្រាក់។ មុនពេលដែលមានកម្មវិធីទូរស័ព្ទដៃ CBC មានតែអ្នកឱ្យខ្ចីប្រាក់ប៉ុណ្ណោះ អាចទទួលបានព័ត៌មានអំពីពិន្ទុឥណទានរបស់អ្នកខ្ចី។

ជាមួយនឹងភាពងាយស្រួលនៃការប្រើប្រាស់ កម្មវិធីទូរស័ព្ទដៃ CBC សង្ឃឹមថាអ្នកប្រើប្រាស់នឹងអាចរក្សាបាននូវសុវត្ថិភាពហិរញ្ញវត្ថុ និងទម្លាប់ល្អក្នុងការគ្រប់គ្រងឥណទាន ការរៀបចំចាប់យកឱកាសនៃហិរញ្ញវត្ថុ និងបង្ហាញពីឥណទានរបស់ខ្លួន ពង្រឹងអំណាចក្នុងការចរចារបស់ពួកគេ ខណៈពេលដែលមានការកែលម្អភាពត្រឹមត្រូវ នៃព័ត៌មានឥណទានរបស់ពួកគេ តាមរយៈសេវាកម្មដោះស្រាយ ជម្លោះតាមប្រព័ន្ធអ៊ីនធឺណិត។ កម្មវិធីនេះក៏ផ្តល់ជូននូវសម្ភារៈសម្រាប់សិក្សា និងធនធានស្តីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងព័ត៌មានថ្មីៗពីទីផ្សារឥណទាន និងនិន្នាការដែលកំពុងមានភាពពេញនិយម ក្នុងវិស័យហិរញ្ញវត្ថុផងដែរ។

អ្នកប្រើប្រាស់ដែលមានសញ្ជាតិកម្ពុជា អាចទទួលបានរបាយការណ៍ឥណទានមួយឆ្នាំមួយដង ដោយឥតគិតថ្លៃ។ សម្រាប់របាយការណ៍ឥណទាន និងសេវាកម្មជាវបន្ថែមផ្សេងទៀត នឹងតម្រូវអោយមានការទូទាត់តាមប្រព័ន្ធអ៊ីនធឺណិតដោយប្រើ កាតវីសា (Visa) ម៉ាស្ទ័រកាត (MasterCard), JCB, UnionPay ឬ កាត DCI។ CBC ក៏គ្រោងនឹងដាក់បញ្ចូលសេវាទូទាត់បាគង ទៅក្នុងកម្មវិធីទូរស័ព្ទរបស់ពួកគេ ដើម្បីជួយសម្រួលដល់ប្រតិបត្តិការ រវាងស្ថាប័នហិរញ្ញវត្ថុជាច្រើន ជាមួយការទូទាត់ប្រតិបត្តិការជាប្រាក់រៀល៕