(ប៉េកាំង)៖ អាជ្ញាធរផ្នែកអវកាសចិនបានឲ្យដឹងថា យានសម្រាប់ចុះចតនៃបេសកកម្ម ឆាងអ៉ីទី៥ (Chang'e 5) ទើបតែបានផ្តាច់ខ្លួនជាផ្លូវការ ពីយានដែលជាផ្កាយរណប ហើយកំពុងតែត្រៀមរៀបចំធ្វើការចុះចតនៅលើផ្ទៃព្រះច័ន្ទ ដើម្បីប្រមូលយកគំរូតាងពីដីនៅទីនោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។

បេសកកម្មឆាងអ៉ីទី៥ មានយានដែលដើរតួនាទីផ្សេងៗគ្នា។ នៅថ្ងៃចន្ទនេះ យានសម្រាប់ចុះចតហៅថា លែនដឺ (Lander) អមជាមួយនិងយានសម្រាប់ហោះឡើងទៅវិញហៅថា អាសិនដឺ (Ascender) ត្រូវបានបញ្ជាឲ្យផ្តាច់ខ្លួនដោយជោគជ័យចេញពីយានដែលជាផ្កាយរណបហៅថា អរប៊ីតឺ (Orbiter) ដើម្បីត្រៀមចុះទៅជាន់លើផ្ទៃព្រះច័ន្ទ។

យាន Orbiter នៃបេសកកម្ម Chang'e 5 នឹងស្ថិតគន្លងអវកាសរបស់ព្រះច័ន្ទ ដើម្បីរង់ចាំឲ្យយាន Ascender នាំយកគំរូតាងនៃដីរបស់ព្រះច័ន្ទ ដែលប្រមូលបានដោយយាន Lander។ បន្ទាប់មកទៀតយាន Orbiter នឹងចាកចេញពីគន្លងព្រះច័ន្ទដើម្បីឆ្ពោះមកកាន់ភពយើងវិញ។ ទីបំផុតយាន Orbiter នឹងទម្លាក់គំរូតាងនោះ តាមរយៈយានមួយផ្សេងទៀតហៅថា រីថឺនខាប់ស៊ុល (Return Capsule) ដែលសម្រាប់ចុះមកកាន់ផែនដី។ បេសកកម្មនេះ ត្រូវគេរំពឹងថានឹងបញ្ចប់ទៅជាស្ថាពរនៅថ្ងៃទី១៦-១៧ ខែធ្នូ ឆ្នាំ២០២០។

គួរបញ្ជាក់ថា បេសកកម្ម Chang'e 5 ត្រូវបានបញ្ជូនចេញពីផែនដីកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ពីកោះហៃណាននៃប្រទេសចិន ហើយបានចូលទៅដល់គន្លងអវកាសរបស់ព្រះច័ន្ទកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុននេះ។ វាជាបេសកកម្មដំបូងបំផុតរបស់ចិន ក្នុងការប្រមូលយកគំរូតាងពីទីឋានផ្សេងមកកាន់ផែនដីវិញ ដើម្បីសិក្សាស្រាវជ្រាវ។

ប្រសិនបើជោគជ័យតាំងពីដើមរហូតដល់ចប់ នោះ Chang'e 5 នឹងក្លាយជាបេសកកម្មប្រមូលគំរូតាងពីឋានព្រះច័ន្ទដំបូងបង្អស់ គិតចាប់តាំងពីឆ្នាំ១៩៧៦មក នៅពេលដែលសហភាពសូវៀតបានធ្វើបេសកកម្មប្រមូលគំរូតាង លូណាទី២៤ (Luna) នៅទីនោះ៕