(ឡុងដ៍)៖ ក្រុមហ៊ុនអាកាសចរណ៍ EasyJet របស់ចក្រភពអង់គ្លេស បានលើកឡើងថា ខ្លួននឹងសហការជាមួយនឹង ក្រុមហ៊ុនធ្វើតេស្តរកវីរ៉ុស COVID-19 ដើម្បីផ្តល់ការបញ្ចុះតម្លៃ ដល់អ្នកធ្វើដំណើរ ដើម្បីព្យាយាមជម្រុញការធ្វើដំណើរបន្ថែមទៀត, ដែលការធ្វើបែបនេះ បានកើតឡើង បន្ទាប់ពីមានការរៀបចំ ស្រដៀងគ្នានេះដែរ ដោយក្រុមហ៊ុនអាកាសចរណ៍ Wizz Air និងអាកាសយានដ្ឋាន Gatwick Airport ស្ថិតក្នុងទីក្រុងឡុងដ៍, នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនាយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

ច្បាប់នៃការធ្វើដំណើរ នៅចក្រភពអង់គ្លេស នឹងមានការផ្លាស់ប្តូរ ចាប់ពីថ្ងៃទី១៥ ខែធ្នូខាងមុខ ដូច្នេះប្រសិនបើអ្នកធ្វើដំណើរម្នាក់ ទទួលបានលទ្ធផលអវិជ្ជមាន ពីការធ្វើតេស្តដោយថវិកាខ្លួនឯងនោះ ពួកគេអាចកាត់បន្ថយការរស់នៅដាច់ដោយឡែកពីគេ ពីរយៈពេល១៤ថ្ងៃ មកនៅត្រឹម៥ថ្ងៃប៉ុណ្ណោះ។

បន្ទាប់ពីមានការរឹតត្បិត លើការធ្វើដំណើរ អស់រយៈពេលជាច្រើនខែ, ក្រុមហ៊ុនអាកាសចរណ៍ និងអាកាសយានដ្ឋាន បាននឹងកំពុងសហការជាមួយនឹង ក្រុមហ៊ុនធ្វើតេស្តរកវីរ៉ុស ដើម្បីធ្វើឲ្យការធ្វើតេស្តកាន់តែងាយស្រួល និងមានតម្លៃថោកជាងមុន។

ក្រុមហ៊ុន EasyJet បានលើកឡើងនៅថ្ងៃចន្ទនេះថា អ្នកធ្វើដំណើរ នឹងទទួលបានការកាត់បន្ថយអត្រាចំណាយ ជាមួយនឹងការផ្តល់លទ្ធផល ក្នុងរយៈពេល៤៨ម៉ោងក្រោយ៕