(មីលែន)៖ ក្លិបអ៉ីតាលី Inter Milan បានកំពុងត្រៀមចូលពិភាក្សាជាមួយក្លិបតោខៀវ Chelsea របស់អង់គ្លេស ក្នុងការខ្ចីជើងកីឡាករខ្សែប្រយុទ្ធ Oliver Giroud សញ្ជាតិបារាំងក្នុងលក្ខណ្ឌ ៦ខែនាខែមករា ឆ្នាំ២០២១ ខាងមុខ និងជម្រើសទិញផ្តាច់ផងដែរ។ នេះបើតាមការចេញផ្សាយដោយ Dailymail នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០។
ក្លិបដែលកំពុងតែស្ថិតក្រោមការដឹកនាំដោយអ្នកចាត់ការទូទៅ លោក Antonio Conte បានមើលឃើញ Giroud ដែលកំពុងអង្គុយកៅអីបម្រុង ដើម្បីយកមកផ្លាស់ប្តូរជាមួយខ្សែប្រយុទ្ធ Romelu Lukaku ខណៈ Arkadiusz របស់ក្លិប Napoli ក៏ស្ថិតក្នុងគម្រោងផងដែរ ស្របពេលអតីតអ្នកចាត់ការក្លិបតោខៀវរូបនេះ ដឹងច្បាស់ពីទម្រង់លេងរបស់ Giroud ដែលលោកបាននាំយករូបគេមកកាន់ Stamford Bridge កាលពីឆ្នាំ២០១៨ ពីក្លិបកាំភ្លើងធំ Arsenal។
គួររំលឹកផងថា បច្ចុប្បន្នខ្សែប្រយុទ្ធ Oliver Giroud បានកំពុងស្ថិតក្រោមការដឹកនាំរបស់លោក Frank Lampard ដោយក្នុងរដូវកាលនេះនៅ Premier League មិនស្ថិតក្នុងជម្រើស ១១នាក់ដំបូងនោះទេ ដោយមានមិត្តរួមក្រុម Timo Werner និង Tammy Abraham ជាជម្រើសដំបូង ខណៈចាប់តាំងពីឆ្នាំ២០១៨ រូបគេបង្ហាញខ្លួនបាន ៦២ប្រកួត និងរកបាន ១៣គ្រាប់៕