(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបញ្ចប់កម្មវិធី «អប់រំគុណតម្លៃអូឡាំពិក» ដោយជោគជ័យ ក្រោយរៀបចំជាលើកទី៦ ដែលជាលើកចុងក្រោយ នៅវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម កាលពីចុងសប្ដាហ៍កន្លងទៅ ដើម្បីផ្សព្វផ្សាយពីចលនាអូឡាំពិកផង និងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ផង។
លោក ប៊ុយ សុភ័ណ្ឌ អនុប្រធានគ្រប់គ្រងគម្រោង NOCC បានបញ្ជាក់ថា ឆ្លងកាត់កម្មវិធី ៦លើក ស្មើនឹង ៥រាជធានី-ខេត្តកន្លងមក បានឆ្លុះបញ្ចាំងឲ្យឃើញការយល់ដឹងច្រើនរបស់មហាជន និងសិស្សានុសិស្ស អំពីវិស័យកីឡា និងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ជាក់ស្ដែងសិស្សានុសិស្សនៅវិទ្យាល័យព្រះសីហនុ ពួកគេបានបង្ហាញនូវការត្រៀមខ្លួនរួចរាល់ ដើម្បីចូលរួមគាំទ្រព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជានេះ។
ប៉ុន្ដែនៅឆ្នាំក្រោយ NOCC បានដាក់គោលដៅ នឹងពង្រីកវិសាលភាព ក្នុងការផ្សព្វផ្សាយកម្មវិធីនេះកាន់តែធំទូលាយថែមទៀត ទៅតាមសាលារៀន ទាំងសាលារដ្ឋ និងឯកជន ដើម្បីបញ្ជ្រាបការយល់ដឹងឲ្យកាន់តែស៊ីជម្រៅ ពិសេសផ្សព្វផ្សាយអំពីយុទ្ធនាការ «ប្រជាជនម្នាក់លេងកីឡាមួយមុខ» យុទ្ធនាការ «កម្ពុជាស្អាត បដិសណ្ឋារកិច្ចល្អ» និងការអប់រំពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ក៏ដូចជាបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាដើម ដើម្បីឆ្ពោះទៅរកភាពជោគជ័យនៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
ទន្ទឹមជាមួយគ្នាលោក ថាវ សុខផល នាយកវិទ្យាល័យព្រះសីហនុ បានចាត់ទុកវគ្គអប់រំគុណតម្លៃអូឡាំពិកខាងលើ គឺជាកម្មវិធីដ៏មានសារៈសំខាន់ សម្រាប់សាលារបស់ខ្លួន ដែលជាសាលាមួយមានសិស្សានុសិស្សច្រើននិយមគាំទ្រ និងលេងកីឡា។ តាមរយៈវគ្គនេះ លោករំពឹងថា នឹងធ្វើឲ្យពួកគេមានការយល់ដឹងកាន់តែច្រើន អំពីវិស័យកីឡា និងព្រឹត្តិការណ៍ស៊ីហ្គេម។ ក្នុងនាមគណៈគ្រប់គ្រងសាលា លោកក៏បានបង្ហាញនូវឆន្ទៈគាំទ្រ និងជំរុញសិស្សានុសិស្ស ដែលមានសមត្ថភាព និងទេពកោសល្យក្នុងការលេងកីឡាផងដែរ៕