(ភ្នំពេញ)៖ ក្លិបព្រះខ័នរាជស្វាយរៀង បានប្រកាសចែកផ្លូវជាមួយខ្សែបម្រើ ឈិន ឈឿន ហើយ បន្ទាប់ពីរួមរស់ជាមួយគ្នាបាន ១រដូវកាល។ ទន្ទឹមជាមួយគ្នា ក្រុមជើងឯករងឆ្នាំចាស់នេះ ក៏បានបញ្ជាក់ដែរថា កីឡាករវ័យ ៣១ឆ្នាំរូបនេះនឹងត្រឡប់ទៅទ្រនំចាស់របស់ខ្លួនវិញ នារដូវកាលថ្មី គឺសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (ទ័ព)។
ឈិន ឈឿន បានផ្ទេរទៅកាន់ក្លិបព្រះខ័នរាជស្វាយរៀង នៅចុងឆ្នាំ២០១៩។ ប៉ុន្ដែការចាកចេញ ដើម្បីស្វែងរកបទពិសោធថ្មីនេះ ហាក់មិនសមប្រកបនោះទេ ដោយមិនសូវបានលេង ដូចកាលនៅក្លិបចាស់ឡើយ។ ម្យ៉ាងក្ដីស្រម៉ៃចង់លេងពាន AFC Cup 2020 ជាមួយជើងឯកលីគឆ្នាំ២០១៩ នេះ ក៏មិនបានចប់ចុងចប់ដើមដែរ ក្រោយដំណើរការបាន ៣ប្រកួត សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) សម្រេចលុបចោលវិញ ដោយសារវិបត្តិកូវីដ-១៩។
ខ្សែបម្រើរហស្សនាមឆាលី C-125 ខាងលើ ធ្លាប់ចំណាយពេល ១៥ឆ្នាំជាមួយក្រុមទ័ព តាំងពីថ្នាលយុវជន រហូតវិវត្តខ្លួនឡើងលេងក្រុមធំ នៅឆ្នាំ២០១០ ហើយត្រូវបានកោះហៅចូលរួមជាមួយក្រុមជម្រើសជាតិជាបន្ដបន្ទាប់ទៀតផង។ ឈិន ឈឿន ធ្លាប់បានជួយទ័ពលើកពានសម្ដេចតេជោ ហ៊ុន សែន ៣សម័យកាលកាលពីឆ្នាំ២០១០, ២០១៦ និងឆ្នាំ២០១៨ មុនផ្ទេរទៅក្លិបព្រះខ័នរាជស្វាយរៀង នៅចុងឆ្នាំ២០១៩ និងជួយក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងនេះ ទទួលបានជើងឯករង ក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០២០៕