(កូរ៉េ)៖ បើយោងតាមក្រុមការងាររបស់តារាប្រុស Bito សមាជិកក្រុម UP1TION បានរាយការណ៍ប្រាប់សារព័ត៌មានក្នុងស្រុកថា តារារូបនេះត្រូវបានធ្វើរោគវិនិច្ឆ័យឃើញមានកូវីដ១៩ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានកូរ៉េ Soompi នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រុមការងាររបស់តារាប្រុសរូបនេះ បានបន្ថែមថា សម្រាប់សិល្បៈ និងបុគ្គលិកផ្សេងទៀត ដែលមានជាប់ពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយតារាប្រុស Bitto ត្រូវបានបញ្ចូនទៅធ្វើតេស្តកូវីដ១៩ភ្លាមៗ និងធ្វើការឃុំខ្លួនឲ្យនៅដាច់ដោយឡែក តាមគោលការណ៍សុខាភិបាលរបស់ប្រទេសកូរ៉េ។
មូលហេតុនេះ បានបង្ខំឲ្យគម្រោងសិល្បៈនានា ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃខាងមុខ របស់តារាប្រុស Bitto ត្រូវបានលុបចោលផងដែរ ដើម្បីការពារការរាតត្បាតកូវីដ១៩។
គួរជម្រាបថា កម្មវិធី «Inkigayo» របស់ទូរទស្សន៍ SBS ដែលក្រុម UP1TION បានធ្វើការសម្តែងនៅថ្ងៃទី២៩ ខែវិច្ឆិកា កន្លងទៅនោះ កាលដែលទទួលបានដំណឹងថា Bitto សមាជិក UP1TION ធ្វើរោគវិនិច្ឆ័យមានកូវីដ១៩ ហើយនោះ ក៏ប្រញាប់ជូនដំណឹងទៅបុគ្គលិក និងអ្នកសម្តែងទាំងអស់ភ្លាម និងបានធ្វើការឆែកកាមេរ៉ា CCTV ថាតើ នរណាខ្លះដែលមានពាក់ព័ន្ធជាមួយ Bitto៕