(ភ្នំពេញ)៖ ក្រុមជើងឯកបឹងកេត បានបង្ហាញសមាជិកថ្មីដំបូង ដើម្បីត្រៀមរដូវកាលថ្មី គឺកីឡាករ សាន គឹមហេង អតីតយុវជនសាលាបាល់ទាត់ជាតិបាទី។ ការប្រកាសនេះ ធ្វើឡើងក្រោយ ១ថ្ងៃ បន្ទាប់ពីក្លិបវិសាខា បានប្រកាសចែកផ្លូវគ្នាជាមួយខ្សែប្រយុទ្ធវ័យក្មេងរូបនេះកាលពីម្សិលមិញ។

សាន គឹមហេង បានចាកចេញពីសាលាបាល់ទាត់ជាតិបាទី មកចូលរួមជាមួយវិសាខាកាលពីឆ្នាំ២០១៨ ជំនាន់លោក ហុក សុជីវ័ន ដឹកនាំ។ ២រដូវកាលដំបូងដែល គឹមហេង រួមរស់ជាមួយក្រុមសេះជំទង់នេះ រូបគេមានឱកាសបង្ហាញសមត្ថភាពជាបន្ដបន្ទាប់។ តែក្រោយវិសាខា នាំចូលកីឡាករល្អៗ ពិសេសក្រោមការដឹកនាំរបស់លោក Colum Curtis ក្នុងឆ្នាំ២០២០ គេសង្កេតឃើញ គឹមហេង មិនសូវមានឱកាសបង្ហាញខ្លួនឡើយ។

ដូច្នេះនេះគឺជាការបោះជំហានថ្មីមួយទៀត សម្រាប់ខ្សែប្រយុទ្ធវ័យក្មេងខាងលើ ក្នុងការផ្លាស់ប្ដូរបទពិសោធថ្មី ជាមួយក្លិបដ៏ធំក្នុងស្រុកទី២ គឺក្រុមនាគខៀវបឹងកេត ក្រោយចាកចេញពីក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ វិសាខា។ សាន គឹមហេង ក៏ជាសមាជិកថ្មីដំបូងដែលបឹងកេត បាននាំចូលត្រៀមរដូវកាលថ្មីនៃលីគកំពូលកម្ពុជា និងពានសម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាការប្រកួតពានរង្វាន់ AFC Cup ឆ្នាំ២០២១ ផងដែរ៕