(សេអ៊ូល)៖ ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូង Samsung Electronics ត្រូវបានគេបង្ហើបឲ្យដឹងថា ប្រហែលជាលែងផលិតត្រកូលស្មាតហ្វូនលំដាប់កំពូលបំផុតរបស់ខ្លួនគឺ Galaxy Note តទៀតហើយនៅឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០។

ប្រភពមួយចំនួនបានបង្ហើបប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា បច្ចុប្បន្នក្រុមហ៊ុន Samsung មិនមានគម្រោងអភិវឌ្ឍទូរស័ព្ទ Galaxy Note ជំនាន់ថ្មីសម្រាប់ឆ្នាំ២០២១ឡើយ។ Galaxy Note របស់ Samsung ត្រូវគេស្គាល់ជាទូទៅថា ជាស្មាតហ្វូនមានផ្ទៃអេក្រង់ធំ ហើយមានភ្ជាប់ជាមួយនូវប៊ិច ដែលជាលក្ខណៈពិសេសខុសគេរបស់វា។

Galaxy Note ស្ថិតក្នុងចំណោមត្រកូលស្មាតហ្វូនលំដាប់កំពូលចំនួន២ របស់ Samsung ដោយមួយទៀតគឺ Galaxy S។ ពាក់ព័ន្ធនឹងគម្រោងលែងចេញលក់ Galaxy Note ប្រភពដដែលបានអះអាងថា ក្នុងចំណោមម៉ូដែល Galaxy S សម្រាប់ឆ្នាំ២០២១ គឺម៉ូដែលដែលថ្លៃជាងគេនឹងមានប៊ិចដូចជា Galaxy Note យ៉ាងដូច្នោះ ហើយទូរស័ព្ទបត់អេក្រង់បានរបស់ Samsung គឺ Galaxy Fold ក៏នឹងអាចប្រើប្រាស់ប៊ិចបានផងដែរ។

យោងតាមប្រភពខាងលើ ធនធានរបស់ក្រុមហ៊ុន ដែលជាធម្មតាត្រូវបានផ្តោតទៅលើការអភិវឌ្ឍ Galaxy Note ឥឡូវនឹងត្រូវបង្វែរទៅរកស្មាតហ្វូនបត់អេក្រង់បានរបស់ Samsung វិញ។ ដោយឡែក ពាក់ព័ន្ធនឹងព័ត៌មាននេះ ក្រុមហ៊ុន Samsung ផ្ទាល់ ពុំបានចេញមុខធ្វើការបកស្រាយអ្វីនោះទេ។ កន្លងមក ធ្លាប់មានការអះអាងថា Galaxy Note នឹងមានស៊េរីថ្មីនៅឆ្នាំ២០២១ ប៉ុន្តែ Samsung នឹងឈប់ចេញ Note ស៊េរីថ្មីទៀតហើយនៅឆ្នាំ២០២២។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកវិភាគ ការលក់ស្មាតហ្វូនត្រកូល Note របស់ Samsung ត្រូវគេរំពឹងថា នឹងធ្លាក់ចុះមួយភាគប្រាំក្នុងឆ្នាំនេះ គឺនៅត្រឹម៨លានគ្រឿង ខណៈការលក់ស្មាតហ្វូនត្រកូល S ទំនងជានឹងថយចុះ៥លានគ្រឿង គឺមកនៅក្រោម៣០លានគ្រឿង។ មូលហេតុដោយសារតែវិបត្តិជំងឺ COVID-19 បានកាត់បន្ថយតម្រូវការនៃការទិញស្មាតហ្វូនលំដាប់ថ្លៃៗ។

Galaxy Note ត្រូវបាន Samsung បញ្ចេញក្នុងទីផ្សារជាលើកដំបូងកាលពីឆ្នាំ២០១១ ដែលបានជួយឲ្យ Samsung វ៉ាក្រុមហ៊ុន Apple ឡើងជាក្រុមហ៊ុនផលិតស្មាតហ្វូនធំជាងបំផុតលើពិភពលោក ជាលើកដំបូងនៅឆ្នាំនោះ៕