(រ៉ូម)៖ អាជ្ញាធរនៅប្រទេសអ៉ីតាលី ទើបតែបានផាកពិន័យក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple ជាមួយចំនួនទឹកប្រាក់១០លានអឺរ៉ូ ដែលស្មើនឹងជិត១២លានដុល្លារអាមេរិក ដោយសារតែការអះអាងបែបបំភ័ន្តអំពីមុខងារទប់ទល់ការជ្រាបទឹករបស់ទូរស័ព្ទដៃ iPhone។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០។

អាជ្ញាធរអ៉ីតាលី AGCM បានរកឃើញថា ការអះអាងរបស់ក្រុមហ៊ុន Apple ពាក់ព័ន្ធនឹងមុខងារប្រឆាំងការជ្រាបទឹករបស់ iPhone គឺមិនអាចយកជាការបានឡើយ នៅក្រោមស្ថានភាពពិតជាក់ស្តែង។ ផ្ទុយទៅវិញ ការអះអាងអំពីមុខងារនេះ គឺពិតតែជាមួយទឹកដែលសុទ្ធ នៅក្រោមស្ថានភាពក្នុងមន្ទីរពិសោធន៍ប៉ុណ្ណោះ។ អាជ្ញាធរ AGCM បានបន្តទៀតថា Apple ក៏មិនផ្តល់ការធានាលើ iPhone ចំពោះការខូចខាត ដែលបណ្តាលមកពីបញ្ហាទឹកចូលផងដែរ។

គួរបញ្ជាក់ថា បើយោងតាមការអះអាងរបស់ក្រុមហ៊ុន Apple ទូរស័ព្ទ iPhone ប៉ុន្មានជំនាន់ចុងក្រោយនេះ រួមមានទាំង iPhone 8 រហូតដល់ iPhone 12 គឺមានសមត្ថភាពធន់នឹងការជ្រាបចូលទឹកនៅជម្រៅរហូតដល់៤ម៉ែត្រ សម្រាប់រយៈពេល៣០នាទី៕